ភ្នំពេញ៖ បន្ទាប់ពីបានជួបប្រជុំគ្នាអស់ជាច្រើនលើករវាងភាគីរដ្ឋាភិបាល ភាគីនិយោជក និងភាគីសហជីពរួចមក ឥឡូវនេះភាគីរដ្ឋាភិបាលដែលតំណាងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានសម្រេចជាផ្លូវការហើយសម្រាប់ប្រាក់ខែកម្មករកាត់ដេរ និងដេស្បែកជើងនៅឆ្នាំ2018។
ខ្លឹមសារនៃសេចក្តីប្រកាសស្តីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ-និយោជិតផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតផលស្បែកជើងសម្រាប់ឆ្នាំ2018 របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចុះថ្ងៃទី5 ខែតុលា ឆ្នាំ2017 នៅត្រង់ប្រការ1 បានកំណត់ថា សម្រាប់កម្មករ-និយោជិតសាកល្បង ត្រូវទទួលបានប្រាក់ខែ165ដុល្លារក្នុងមួយខែ។ ចប់រយៈពេលសាកល្បងក្លាយជាកម្មករ-និយោជិតពេញសិទ្ធិ ត្រូវបានទទួលប្រាក់ឈ្នួលអប្បបរមា 170ដុល្លារក្នុងមួយខែ។
រីឯប្រការ2 ចំពោះកម្មករ-និយោជិតដែលទទួលបានប្រាក់ឈ្នួលអប្បបរមាគិតតាមបរិមាណផលិតផលធ្វើបាន(ដេរគិតបុង)ត្រូវទទួលបានប្រាក់ឈ្នួលតាមទិន្នផលជាក់ស្តែងដែលធ្វើបាន។ ប្រសិនបើទាបជាងប្រាក់ឈ្នួលដូចដែលមានចែងខាងលើនោះ និយោជកត្រូវបន្ថែមឱ្យគ្រប់ចំនួន165ដុល្លារក្នុងមួយខែសម្រាប់កម្មករ-និយោជិតសាកល្បង និង170ដុល្លារក្នុងមួយខែសម្រាប់កម្មករ-និយោជិតពេញសិទ្ធិ។ ហើយសម្រាប់អត្ថប្រយោជន៍ផ្សេងៗទៀត ដែលកម្មករ-និយោជិតធ្លាប់បានទទួលកន្លងមកត្រូវរក្សាទុកដដែល។
គួរបញ្ជាក់ដែរថា សម្រាប់ប្រាក់អត្ថប្រយោជន៍ដែលកម្មករ-និយោជិតធ្លាប់ទទួលបានកន្លងមក មានដូចជា៖
-ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅចំនួន 7ដុល្លារអាមេរិកក្នុងមួយខែ។
-ប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន10ដុល្លារក្នុងមួយខែ។ -ប្រាក់ថ្លៃបាយធ្វើការបន្ថែមម៉ោងដោយស្ម័គ្រចិត្តចំនួន 2,000រៀលក្នុងមួយថ្ងៃ ឬទទួលបានបាយដោយឥតគិតថ្លៃ។
-និងប្រាក់រង្វាន់អតីតភាពការងារចំនួន 2ដុល្លារដល់11ដុល្លារក្នុងមួយខែ សម្រាប់កម្មករ-និយោជិតដែលបានធ្វើការចាប់ពីឆ្នាំទី2 ដល់ឆ្នាំទី11 ។
ដូច្នេះ ជាមធ្យមនិយោជិតម្នាក់នឹងទទួលបានប្រាក់បៀវត្សរ៍យ៉ាងតិចចំនួនពី 187ដុល្លារ ទៅដល់198 ដុល្លារក្នុងមួយខែ៕