Lucid Group ដែលជាអ្នកផលិតរថយន្តអគ្គិសនីលំដាប់ប្រណិត កំពុងតែធ្វើការប្រមូលទុនឱ្យបានដល់ ៨ ពាន់លានដុល្លារអាម៉េរិក។
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីទំនើបដែលមានទីស្នាក់ការកណ្ដាលនៅ Newark រដ្ឋ California នេះ បានចាប់ផ្ដើមប្រគល់រថយន្តម៉ូដែល Air ប្រភេទសេដាន់ដំបូងៗរបស់ខ្លួនទៅឱ្យអតិថិជននៅក្នុងឆ្នាំនេះ។ ក្រុមហ៊ុននេះបានដាក់ឯកសារឡើងទៅកាន់ SEC (គណៈកម្មការមូលបត្រអាម៉េរិក) កាលពីដើមសប្ដាហ៍ ដើម្បីជូនដំណឹងអំពីការប្រមូលទុនរបស់ខ្លួន។ ការប្រមូលទុន គ្រោងនឹងត្រូវធ្វើឡើងនៅក្នុងអំឡុង ៣ ឆ្នាំខាងមុខ។
ក្រុមហ៊ុន Lucid បញ្ជាក់ថា ពួកគេមិនទាន់វិនិយោគទៅលើផលិតផលិតថ្មីនៅពេលនេះ ប៉ុន្តែ ត្រូវការទុនដើម្បីត្រៀមសម្រាប់គម្រោងនានាក្នុងអនាគត។
ក្រោមការដឹកនាំរបស់ CEO Peter Rawlinson ដែលជាអតីតប្រធានក្រុមវិស្វករនៃគម្រោងរថយន្តអគ្គិសនី Model S របស់ Tesla ក្រុមហ៊ុន Lucid Motor កំពុងប្រឹងប្រែងដើម្បីក្លាយទៅជាអ្នកផលិតរថយន្តអគ្គិសនីលំដាប់កំពូលនៅក្នុងទីផ្សាររថយន្តអគ្គិសនីបើកបររយៈចម្ងាយឆ្ងាយ និងកម្លាំងខ្លាំង។
បច្ចុប្បន្ន Lucid Air មានតម្លៃចាប់ពី ៨៧,៤០០ ដុល្លារ សម្រាប់ម៉ូដែល Air Pure។ ចំណែកកំណែ Air Sapphire ដែលគ្រោងនឹងត្រូវផលិតនៅឆ្នាំក្រោយ មានតម្លៃចាប់ពី ២៤៩,០០០ ដុល្លារអាម៉េរិក ដោយវាមានកម្លាំងជាង ១,២០០ សេះ អាចឱ្យបើកបរក្នុងល្បឿន ៣២១ គីឡូម៉ែត្រ/ម៉ោង៕