ក្រុមអ្នកវិទ្យាសាស្ត្រចិន អភិវឌ្ឍវត្ថុធាតុល្អិតកម្រិតណាណូ (nano) ដែលត្រូវបានហៅថា CIPS អាចស្វែងរកឃើញវីរុស SARS-CoV-2 ដែលបង្កជាជំងឺកូវីដ-១៩ ហើយកម្ចាត់ពួកវាចោល។
មិនដូចទៅនឹងឱសថប្រឆាំងកូវីដ-១៩ ដែលមាននាបច្ចុប្បន្ន វត្ថុធាតុថ្មីរបស់ ក្រុមអ្នកវិទ្យាសាស្ត្រចិន អាចគ្រប់គ្រងការឆ្លងរាលដាលរបស់វីរុសបង្កជំងឺកូវីដ-១៩ ទាំងអស់ ដែលរួមមាន Alpha, Beta, Delta និង Omicron ដោយមិនប៉ះពាល់ដល់សុខភាព។
វត្ថុធាតុល្អិតកម្រិតណាណូរបស់ ក្រុមអ្នកវិទ្យាសាស្ត្រចិន ត្រូវបានផលិតឡើងពី ទង់ដែង ស្ពាន់ធ័រ អាំងដ្យូម និង ផូស្វ័រ។ វត្ថុធាតុនេះមានទំហំស្មើនឹងវីរុស ២ គ្រាប់។
»នេះអាចជាវត្ថុធាតុដ៏មានសក្តានុពល និងត្រូវបានទន្ទឹងរង់ចាំបំផុត សម្រាប់ការប្រយុទ្ធប្រឆាំងនឹងវីរុសអនាគត» អ្នកស្រាវជ្រាវមួយរូបបានអះអាងដូច្នេះ។
ក្រុមអ្នកស្រាវជ្រាវមកពី វិទ្យាស្ថានបច្ចេកវិទ្យាទំនើប Shenzhen, មជ្ឈមណ្ឌលជាតិវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាណាណូ, វិទ្យាស្ថានរូបវិទ្យាថាមពលខ្ពស់ និង វិទ្យាស្ថានសត្វវិទ្យា Kunming ដែលទាំងនេះសុទ្ធតែស្ថិតក្នុង បណ្ឌិត្យសភាវិទ្យាសាស្ត្រចិន បានរួមចំណែកក្នុងការស្រាវជ្រាវ និងការរកឃើញខាងលើនេះ។
លទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់ ក្រុមអ្នកវិទ្យាសាស្ត្រចិន ត្រូវបានចុះផ្សាយកាលពីខែសីហា ២០២២ នៅលើទំព័រទស្សនាវដ្ដី Nature Nanotechnology៕