មានមនុស្សជាច្រើនបានប្រាថ្នាចង់ក្លាយជាអ្នកប្រកបរបរក្នុងវិស័យអចលនទ្រព្យ ប៉ុន្តែពួកគេពុំដឹងថា តើត្រូវមានអ្វីខ្លះធ្វើជាដើមទុនក្រៅពីការប្រើធនធានដើម្បីឱ្យអាជីពទទួលជោគជ័យនោះទេ។ លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុន ស៊ីភីអែល ខេមបូឌា ប្រភើធី លីមីតធីត (CPL Cambodia Properties Limited) បានចូលរួមចែករំលែកនូវគន្លឹះសំខាន់ៗមួយចំនួនដែលនាំឱ្យលោកឧកញ៉ាទទួលបានភាពជោគជ័យនាពេលកន្លងមក។
តើលោកឧកញ៉ាបានចាប់ផ្ដើមដំណើរការក្រុមហ៊ុន CPL តាំងពីពេលណាមក?
បើនិយាយពីការងារនៅក្នុងវិស័យអចលនទ្រព្យខ្ញុំបានធ្វើកិច្ចការនេះជាយូរណាស់មកហើយ ប៉ុន្តែបន្ទាប់ពីឃើញស្ថានភាពនៃវិស័យអចលនទ្រព្យចាប់ផ្តើមមានដំណើរការល្អ ទើបខ្ញុំឈានទៅដល់ការបើកក្រុមហ៊ុនជាផ្លូវការក្នុងឆ្នាំ1997។ បើគិតរហូតមកដល់ពេលនេះក្រុមហ៊ុន CPL បានបើកដំណើរការរយៈពេល20ឆ្នាំទៅហើយ។
ក្នុងនាមលោកឧកញ៉ាជាអ្នកមានបទពិសោធន៍ច្រើន ប្រសិនបើបុគ្គលម្នាក់ចង់បើកក្រុមហ៊ុនអចលនទ្រព្យតើគាត់គួរមានចំណេះដឹងអ្វីខ្លះ?
ពាក់ព័ន្ធនឹងបញ្ហានេះកន្លងមកសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ក៏ធ្លាប់បានលើកយកមកពិភាក្សាគ្នារួចមកហើយថា តើបុគ្គលម្នាក់គួរមានចំណេះកម្រិតណាទើបអាចប្រកបរបរលើវិស័យនេះបាន? ព្រោះមានមនុស្សជាច្រើនបានយល់ច្រឡំថា វិស័យអចលនទ្រព្យនរណាក៏អាចធ្វើការងារនេះបានដែរ។ ដូច្នេះដើម្បីបញ្ជៀសហានិភ័យ ទើបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញសេចក្ដីប្រកាសមួយថា មុននឹងទទួលបានអាជ្ញាបណ្ណត្រូវតែចូលរៀន។ ឧទាហរណ៍នៅសហរដ្ឋអាមេរិក មុននឹងទទួលបានអាជ្ញាបណ្ណរកស៊ីក្នុងវិស័យនេះ ច្បាប់បានតម្រូវឱ្យចូលរៀនរយៈពេល60ម៉ោង និងត្រូវទៅប្រឡងឱ្យជាប់ទើបទទួលបានអាជ្ញាបណ្ណ ខណៈនៅប្រទេសមួយចំនួនទៀតគេតម្រូវឱ្យអ្នកដែលចង់ប្រកបមុខជំនួញក្នុងវិស័យអចលនទ្រព្យត្រូវមានបរិញ្ញាបត្រផ្នែកអចលនទ្រព្យ។ ការដែលគេកំណត់បែបនេះគឺគេចង់ឱ្យអ្នកដែលប្រតិបត្ដិការងារនេះយល់ពីច្បាប់ទម្លាប់ដើម្បីឱ្យធ្វើទៅទទួលបានផលប្រយោជន៍ និងមានក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ។
តើចំណេះដឹងរបស់បុគ្គលិកមានឥទ្ធិពលខ្លាំងដល់ដំណើរការក្រុមហ៊ុនដែរ ឬទេ?
ជាការពិតណាស់ចំណេះដឹងបុគ្គលិកនៅក្នុងក្រុមហ៊ុនជាកក្ដាចម្បងដែលនាំឱ្យក្រុមហ៊ុនមួយអាចដំណើរការបានយ៉ាងរលូន។ ក្នុងនាមយើងជាអ្នកដឹកនាំប្រសិនបើមើលឃើញថា បុគ្គលិកនៅមានកង្វះខាតចំណេះដឹងយើងត្រូវតែបញ្ជូនពួកគាត់ឱ្យទៅរៀនបន្ថែមដើម្បីពង្រឹកសមត្ថភាពពួកគាត់ឱ្យកាន់តែពូកែ ព្រោះបុគ្គលិកមានសមត្ថភាពគឺជាសសរគ្រឹះដ៏រឹងមាំរបស់ក្រុមហ៊ុន។ ចំពោះការឱ្យបុគ្គលិកទៅចូលរួមក្នុងវគ្គបណ្តុះបណ្តាល យើងក៏ត្រូវតែព្យាយាមធ្វើយ៉ាងណាបញ្ជូនពួកគាត់ទៅរៀនឱ្យចំទៅតាមជំនាញ និងសមត្ថភាពដែរដូចជាបុគ្គលិកផ្នែកលក់យើងត្រូវតែដឹងថាគាត់គួរមានចំណេះដឹងអ្វីខ្លះ? ហើយនៅពេលបញ្ចប់វគ្គបណ្តុះបណ្តាល យើងត្រូវឱ្យគាត់ធ្វើតេស្តិ៍សមត្ថភាពផងដែរ បើក្នុងករណីគាត់ធ្វើមិនទាន់បានល្អយើងត្រូវឱ្យគាត់ទៅរៀនបន្ថែមទៀតរហូតគាត់ធ្វើកិច្ចការនោះបានជោគជ័យ។ ទាល់តែយើងធ្វើបែបនេះទើប យើងទទួលបានធនធានមនុស្សល្អមកធ្វើការងារ។ បើទោះជាមានការជំរុញពីថ្នាក់ដឹកនាំក៏ដោយ បុគ្គលិកខ្លួនឯងក៏ត្រូវតែមានចិត្ដចង់អភិវឌ្ឍន៍ខ្លួនឯងដែរ ទើបគាត់ទទួលបានជោគជ័យក្នុងការងារ។ “លើលោកនេះគ្មានមហាសេដ្ឋីណាដែលក្លាយខ្លួនជាមហាសេដ្ឋីដោយខ្លួនមិនចេះជំនាញពិតប្រាកដនោះទេ។
មុនទទួលបានភាពជោគជ័យដូចពេលនេះ តើលោកឧកញ៉ាធ្លាប់ជួបឧបសគ្គអ្វីខ្លះ?
នៅលើវិស័យអចលនទ្រព្យអាចនិយាយបានថា ទំរាំដើរមកដល់ចំណុចនេះ ខ្ញុំបានឆ្លងកាត់ និងជួបឧបសគ្គជាច្រើន ប៉ុន្ដែខ្ញុំតែងតែដោះស្រាយវាដោយមិនដែលចុះញ៉មឡើយ។ ត្រង់ចំណុចនេះខ្ញុំសូមលើកយកករណីមួយដូចជាពេលកន្លងខ្ញុំបានធ្វើកិច្ចការឱ្យអតិថិជនពេញចិត្ដរហូតដល់គាត់កក់លុយឱ្យខ្ញុំ ដែលខ្ញុំគិតថាវាស្ទើរតែឈានទៅដល់ចំណុចជោគជ័យហើយ ប៉ុន្ដែនៅទីបំផុតអតិថិជននោះបែរជាទៅទទួលសេវាកម្មពីក្រុមហ៊ុនផ្សេងវិញ ដោយគាត់សុខចិត្តចោលប្រាក់កក់ជាមួយខ្ញុំ។ ត្រង់ចំណុចនេះសូម្បីខ្លួនខ្ញុំផ្ទាល់ក៏មិនដឹងថាបណ្តាលមកពីមូលហេតុអ្វីដែរ ព្រោះខ្ញុំបានប្រឹងប្រែងធ្វើការងារនោះអស់លទ្ធភាពទៅហើយ។ ជាដំណោះស្រាយខ្ញុំបានព្យាយាមជួបអតិថិជនម្នាក់ហ្នឹង ដើម្បីចង់ដឹងពីមូលហេតុ និងចំណុចខ្វះខាតរបស់ខ្ញុំ។ នៅពេលគាត់ប្រាប់ពីមូលហេតុមកខ្ញុំ ទើបខ្ញុំដឹងថាការងារកន្លងមកនៅមានការខ្វះចន្លោះច្រើន ដូច្នេះការសម្រេចចិត្ដរបស់អតិថិជនពិតជារឿងត្រឹមត្រូវ។ នេះជាបទពិសោធន៍ដែលយើងត្រូវរៀនឱ្យចេះដើម្បីកុំឱ្យកើតមានបញ្ហានេះនៅពេលក្រោយទៀត។
CPL ជាក្រុមហ៊ុនដែលទទួលជោគជ័យខ្លាំងក្នុងវិស័យអចលនទ្រព្យ។ តើការថែរក្សាភាពជោគជ័យមានការពិបាកដែរ ឬទេ?
នៅលើលោកនេះគ្មានអ្វីអមតៈទេ ដូចយើងឡើងដើមត្នោតអ៊ីចឹង ប្រសិនបើឡើងដល់កំពូលហើយ វាអត់មានទៅលើទៀតទេ មានតែធ្លាក់ចុះមកក្រោមវិញ។ ដូច្នេះហើយទោះជាខ្ញុំដើរមកដល់ចំណុចនេះហើយក៏ដោយ ក៏ខ្ញុំនៅតែមានការប្រុងប្រយ័ត្នជានិច្ច ព្រោះភាពជោគជ័យ និងបរាជ័យវាស្ថិតនៅជិតៗខ្លួនយើង បើយើងហ៊ានតែធ្វេសប្រហែសបន្ដិចយើងនឹងជួបគ្រោះថ្នាក់ភ្លាម។ យើងត្រូវដឹងថា យើងឈរកាន់តែខ្ពស់អ្នកដទៃមើលឃើញយើងកាន់តែច្រើន ហើយក៏មិនប្រាកដថាគេសុទ្ធតែគេសប្បាយចិត្ដជាមួយយើងទេ ដូច្នេះមានតែខ្លួនយើងទេដែលត្រូវប្រឹងប្រែងរក្សាជំហរ ជួយធ្វើកិច្ចការងារល្អៗជូនអតិថិជនកុំឱ្យមានកំហុស និងធ្វើអ្វីៗប្រកបដោយវិជ្ជាជីវៈដោយយកភាពស្មោះត្រង់របស់ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ធ្វើជាដើមទុនទើបយើងអាចរក្សាអាជីពមួយនេះបានល្អ និងមានភាពយូរអង្វែង។
តើលោកឧកញ៉ាមានវិធីសាស្ត្រអ្វីខ្លះដែលអាចធ្វើឱ្យការងារលើវិស័យអចលនទ្រព្យទទួលបានជោគជ័យ?
បើនិយាយពីកក្ដាដែលជំរុញឱ្យអ្នកប្រកបរបរក្នុងវិស័យអចលនទ្រព្យទទួលភាពជោគជ័យ គឺមានចំណុចច្រើនណាស់ ប៉ុន្ដែពេលនេះខ្ញុំសូមលើកយកចំណុចសំខាន់មួយចំនួនមកបង្ហាញ៖
ទី1. មុននឹងដាក់ចិត្ដចូលប្រឡូកក្នុងវិស័យអចលនទ្រព្យយើងត្រូវតែសួរខ្លួនឯងថា តើយើង ស្រឡាញ់កិច្ចការនេះដែរ ឬទេ? ប្រសិនបើស្រឡាញ់ត្រូវតែប្រឹងប្រែងសិក្សា និងធ្វើកិច្ចការងារនេះឱ្យអស់ពីចិត្ដ100%។ ប្រសិនបើយើងធ្វើវាបានត្រឹម99% គេអាចនិយាយថា គឺបរាជ័យ។ ឧទាហរណ៍ជាធម្មតាអតិថិជនដែលមករកយើង គឺមានន័យថាពួកគាត់មិនសូវមានពេលវេលាគ្រប់គ្រាន់ក្នុងការស្រាវជ្រាវព័ត៌មានតម្លៃដីទេ ដូច្នេះក្នុងនាមជាភ្នាក់ងារអចលនទ្រព្យយើងត្រូវតែមានចំណេះដឹងទូលំទូលាយជាងអតិថិជន ក្នុងករណីបើយើងមានចំណេះដឹងផ្នែកនេះតិចជាងគាត់ ប្រាកដជាអតិថិជនគ្មានទំនុកចិត្ដលើយើងឡើយ។
ទី2. ត្រូវចេះផ្ដល់អាទិភាពជូនអតិថិជន មានន័យថាយើងត្រូវព្យាយាមយល់ចិត្ដអតិថិជនថា គាត់ចង់បានអី្វ? គាត់ប្រញាប់ចង់លក់ ឬទិញអចលនវត្ថុបែបណា? ដូច្នេះយើងត្រូវតែផ្ដល់អាទិភាពជូនគាត់ ឬបម្រើសេវាកម្មជូនគាត់ប្រកបដោយប្រសិទ្ធភាព និងភាពស្មោះត្រង់។ តាមរយៈបទពិសោធន៍ខ្ញុំដឹងថា មានអតិថិជនមួយចំនួនគាត់ខ្លាចយើង (ភ្នាក់ងារអចលនទ្រព្យ) ដាក់តម្លៃលើសឬមិនស្មោះត្រង់ជាមួយគាត់ ដូច្នេះយើងត្រូវតែធ្វើឱ្យអតិថិជនមានជំនឿចិត្ដលើយើង ទើបគាត់ចង់ធ្វើការជាមួយយើងរហូត។
ទី3. ពាក់ព័ន្ធនឹងការផ្សព្វផ្សាយតាមរយៈប្រព័ន្ធសារព័ត៌មានក៏ជារឿងសំខាន់ដែរ ព្រោះវាបានជួយឱ្យក្រុមហ៊ុនយើងមានកេរ្តិ៍ឈ្មោះ និងមានគេទទួលស្គាល់នៅលើទីផ្សារ។
ទី4. បន្ទាប់ពីយើងបានបម្រើសេវាកម្មជូនដល់អតិថិជន ឬម្ចាស់អចលនវត្ថុហើយ យើងត្រូវចេះសួររកព័ត៌មានមកវិញ ដើម្បីឱ្យដឹងថា តើទង្វើ ឬកិច្ចការដែលយើងធ្វើជូនពួកគាត់គ្រប់គ្រាន់ទៅតាមអ្វីដែលគាត់ចង់បានហើយ ឬនៅ? យើងត្រូវធ្វើបែបនេះគ្រប់ពេល ព្រោះមានតែអតិថិជនទេដែលជា កញ្ចក់ឆ្លុះបញ្ចាំងពីចំណុចខ្វះខាតរបស់យើង។
ទី5. ករណីមានម្ចាស់កម្មសិទ្ធិផ្ដល់អចលនទ្រព្យឱ្យយើងជួយលក់ ឬជួល យើងត្រូវដឹងថា អ្នកទិញតែងចង់បានតម្លៃថោក រីឯអ្នកលក់តែងចង់បានតម្លៃថ្លៃ គំនិតអ្នកទាំងពីរផ្ទុយគ្នា100% ដូច្នេះក្នុងនាមយើងជាភ្នាក់ងារត្រូវចេះសម្របសម្រួល និងចេះផ្គូរផ្គងតម្លៃរវាងអ្នកទិញ និងអ្នកលក់ឱ្យមានតម្លាភាព មានន័យថាយើងត្រូវផ្ដល់ប្រយោជន៍ឱ្យពួកគាត់ទាំងសងខាងដោយសុក្រិតបំផុត។
ទី6. ការស្គាល់អតិថិជន ឬរក្សាអតិថិជនទុក គឺជារឿងសំខាន់ ព្រោះនៅពេលយើងមានអចលនទ្រព្យមួយមានតម្លៃល្អ មានទីតាំងល្អ យើងងាយនឹងផ្ដល់ព័ត៌មានដល់ពួកគាត់ដើម្បីឱ្យការទិញលក់ប្រព្រឹត្ដទៅដោយងាយស្រួល។
ទី7. គ្រប់ប្រតិបត្តិការទាំងអស់ត្រូវតែធ្វើឡើងដោយមានឯកសារជាលាយលក្ខអក្សរជាដាច់ខាត ដើម្បីជួយសម្រួលដល់ការផ្គូរផ្គងតម្លៃរវាងអ្នកលក់ និងអ្នកទិញ ជាពិសេសនៅពេលមានបញ្ហាយើងងាយរកភាគីទី3 ឱ្យជួយដោះស្រាយ។
ទី8. ការចរចាក៏ជារឿងសំខាន់ខ្លាំងណាស់ដែរ ព្រោះអ្នកខ្លះគាត់មានសមត្ថភាពអាចធ្វើការងារច្រើន និងបានល្អទៀតផង ប៉ុន្តែគាត់មានចំណុចខ្សោយក្នុងការចរចា។ ការចរចាយើងអាចចាត់ទុកថាជាចំណុចកំពូលសម្រាប់ភ្នាក់ងារអចលនទ្រព្យទូទៅ ដែលត្រូវតែព្យាយាមធ្វើឱ្យបានល្អបំផុត ព្រោះបើយើងធ្វើនៅសល់តែ1ចំណុច (99% គឺនៅតែបរាជ័យ)។សរុបមកចំណុចទាំងប៉ុន្មានខាងលើដែលខ្ញុំបានបង្ហាញ វាជាបទពិសោធន៍ជាក់ស្តែងដែលធ្វើឱ្យខ្ញុំទទួលបានជោគជ័យក្នុងវិស័យអចលនទ្រព្យរយៈពេលជាង20ឆ្នាំកន្លងមកនេះ៕