យោងតាមសេចក្ដីសម្រេចរបស់ រដ្ឋាភិបាលវៀតណាម នៅឆ្នាំ ២០៣០ អាកាសយានដ្ឋាន Lai Chau នឹងក្លាយជាព្រលានយន្តហោះស៊ីវិលកម្រិង ៣C និងជាព្រលានយន្តហោះយោធាកម្រិត ៣។
សារព័ត៌មានវៀតណាម ដែលបានចេញផ្សាយនាពេលថ្មីៗនេះ បានឱ្យដឹងថា តាមផែនការ គម្រោងអាកាសយានដ្ឋាន Lai Chau ដែលទើបត្រូវបានកែសម្រួលចុងក្រោយនេះ បង្ហាញថា នឹងអាចទទួលអ្នកដំណើរបានកន្លះលាននាក់ក្នុង ១ ឆ្នាំៗ ដោយសាងសង់នៅលើផ្ទៃដីជាង ១១៧ ហិកតា។ គម្រោងដែលត្រូវបានគណនាឃើញថា ត្រូវការទុនវិនិយោគប្រហែល ៤.៣៥ ទ្រីលានដុង (ជាង ១៨៥ លានដុល្លារអាម៉េរិក) នេះ គ្រោងនឹងត្រូវស្ថាបនានៅក្នុងទីរួមស្រុក Tan Uyen នៃខេត្ត Lai Chau ក្បែរព្រំដែនចិនដីគោក ជាប់នឹងខេត្ត Yunnan។
មុននោះ ក្នុងសេចក្ដីសម្រេចរបស់ រដ្ឋាភិបាលវៀតណាម គម្រោងស្ថាបនាព្រលានយន្តហោះ Lai Chau គ្រោងនឹងត្រូវការទុនវិនិយោគសរុប ៨ ទ្រីលានដុង (៣៤០ លានដុល្លារអាម៉េរិក) ដោយសាងសង់នៅលើផ្ទៃដី ១៦៧ ហិកតា ហើយនៅឆ្នាំ ២០៣០ អាកាសយានដ្ឋាន Lai Chau នឹងក្លាយជាព្រលានយន្តហោះស៊ីវិលកម្រិង ៣C និងជាព្រលានយន្តហោះយោធាកម្រិត ៣។
ក្រុមប្រឹក្សាភិបាលខេត្ត Lai Chau បានឱ្យដឹងថា បច្ចុប្បន្ន មានអ្នកវិនិយោគមួយចំនួនកំពុងចាប់អារម្មណ៍ និងកំពុងសិក្សាគម្រោងវិនិយោគលើព្រលានយន្តហោះខាងលើទៅតាមរូបមន្ត «ភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP-Public – Private Partnership)។
ដើម្បីសម្រួលដល់អ្នកវិនិយោគក្នុងការបំពេញឯកសារផ្លូវច្បាប់ និងការអនុវត្តគម្រោង អាជ្ញាធរខេត្ត Lai Chau ស្នើឱ្យ នាយករដ្ឋមន្ត្រីវៀតណាម ពិនិត្យ អនុម័តលើការស្ថាបនាព្រលានយន្តហោះ Lai Chau ទៅតាមរូបមន្ត PPP និងប្រគល់គម្រោងនេះមកឱ្យក្រុមប្រឹក្សាខេត្ត Lai Chau ដើម្បីគ្រប់គ្រង និងអនុវត្ត៕