ក្នុងអំឡុងខែសីហា ឆ្នាំ ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន ១៧ គម្រោង ក្នុងនោះមាន ២ គម្រោងដែលស្ថិតក្នុងវិស័យថាមពលកកើតឡើងវិញ ក្នុងគ្រាដែលតម្លៃថាមពលនៅ កម្ពុជា និងពិភពលោកកំពុងតែឡើងថ្លៃខ្ពស់។
គម្រោងវិនិយោគថ្មីទាំង ១៧ មានតម្លៃសរុបជាង ១៤១ លានដុល្លារអាម៉េរិក ដែលទើបត្រូវបានអនុម័តដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែសីហា នឹងអាចបង្កើតការងារដល់ប្រពលរដ្ឋជិត ១០,០០០ កន្លែង។
បណ្ដាខេត្តក្រុងដែលទទួលបានគម្រោងវិនិយោគខាងលើរួមមាន រាជធានីភ្នំពេញ, ខេត្តកណ្ដាល, ខេត្តព្រះសីហានុ, ខេត្តកំពងស្ពឺ, ខេត្តកែប និងខេត្តកំពង់ធំ។
គម្រោងវិនិយោគលើវិស័យថាមពលកកើតឡើងវិញដែលទើបត្រូវបានអនុម័តក្នុងខែសីហាកន្លងទៅ រួមមាន ៖
ទីមួយ ៖ គម្រោងបង្កើតរោងចក្រផលិតបន្ទះសូឡា និងគ្រឿងបង្គុំ របស់ក្រុមហ៊ុន Solar Long PV-Tech (Cambodia) Co., Ltd. ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ, រាជធានីភ្នំពេញ។ គម្រោងនេះមានទុនវិនិយោគចំនួន ១២ លានដុល្លារអាមេរិក និងគ្រោងបង្កើតការងារបានចំនួនប្រមាណ ៥០០ នាក់។
ទីពីរ ៖ គម្រោងបង្កើតរោងចក្រផ្គុំដំឡើងបន្ទះសូឡា របស់ក្រុមហ៊ុន KITATSU SOLAR (CAMBODIA) CO., LTD ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ ៥១ ភូមិត្រពាំងព្រៃភូមិ ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្ដាល។ គម្រោងនេះមានទុនវិនិយោគប្រមាណ ២៣.៤ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៣៧ កន្លែង។