នៅក្នុងការជួញដូរលើកដំបូងក្រោយការបោះផ្សាយមូលបត្រជាសាធារណៈលើកដំបូង (IPO) នៅលើផ្សារហ៊ុន Nasdaq តម្លៃភាគហ៊ុន Addentax Group បានកើន ១៣,០០០%។
យោងតាម Bloomberg បន្ទាប់ពី AMTD Digital និង Magic Empire Global ក្រុមហ៊ុនមួយផ្សេងទៀតរបស់ ចិន គឺ Addentax Group ក៏កំពុងតែធ្វើឱ្យអ្នកវិនិយោគឈឺក្បាល នៅពេលឡើងថ្លៃ ១៣,០៣១% ក្រោយការជួញដូរដំបូងនៅលើផ្សារហ៊ុន Nasdaq កាលពីថ្ងៃទី ៣១ សីហា។ ភាគហ៊ុន Addentax ត្រូវផ្អាកការជួញដូរបណ្ដោះអាសន្នចំនួន ២០ លើក ដោយសារតែតម្លៃមិនមានស្ថិរភាព។
ការឡើងថ្លៃខាងលើ បានជួយឱ្យតម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុន Addentax កើនដល់ ២០ ពាន់លានដុល្លារអាម៉េរិក។ ទន្ទឹមនឹងនេះ តម្លៃភាគហ៊ុនរបស់ប្រធាន និងជា CEO របស់ Addentax គឺ Hong Zhida និងនាយកប្រតិបត្តិ Hong Zhiwang ក៏កើនសរុប ១.៣ ពាន់លានដុល្លារ។ បច្ចុប្បន្ន Hong Zhida កាន់កាប់ភាគហ៊ុន ៤.៨% និង Hong Zhiwang កាន់កាប់ ១.៦% នៅក្នុងក្រុមហ៊ុន Addentax។
Addentax មានទីស្នាក់ការនៅ Nevada រកស៊ីក្នុងវិស័យផលិតសម្លៀកបំពាក់ និងសេវាកម្មដឹកជញ្ជូន។ ក្រុមហ៊ុននេះមានប្រាក់ចំណូលមិនច្រើនប៉ុន្មាន ធៀបនឹងក្រុមហ៊ុនដទៃនៅលើផ្សារហ៊ុន Nasdaq។ ក្នុងឆ្នាំសារពើពន្ធដែលបញ្ចប់កាលពីខែមីនា ២០២២ ប្រាក់ចំណូលរបស់ Addentax បានថយចុះ ៤៩% មកនៅត្រឹម ១២.៧ លានដុល្លារអាម៉េរិក ប៉ុន្តែ នៅតែមានចំណេញ។
Addentax គឺជាក្រុមហ៊ុនទី ៨ មកពី ហុងកុង ឬចិនដីគោក ដែលតម្លៃភាគហ៊ុនមានការប្រែប្រួលខ្លាំង បន្ទាប់ពី IPO នៅ សហរដ្ឋអាម៉េរិក។ មុននោះ AMTD Digital និង Magic Empire ដែលមានទីស្នាក់ការកណ្ដាលនៅ ហុងកុង ក៏ធ្លាប់បានបង្កការភ្ញាក់ផ្អើលខ្លាំងនៅដើមត្រីមាសនេះ នៅពេលភាគហ៊ុនឡើងថ្លៃខ្ពស់រាប់ពាន់ភាគរយយ៉ាងអាថ៌កំបាំង បើទោះជាមានគោលការណ៍ជាមូលដ្ឋាន។ មានពេលខ្លះ តម្លៃមូលធនទីផ្សាររបស់ AMTD Digital កើនលើសពី Godlman Sachs ទៅទៀត។
យោងតាម Hebe Chen អ្នកវិភាគរបស់ IG Markets កត្តាដែលនាំឱ្យភាគហ៊ុនរបស់ Addentax ឡើងថ្លៃខ្ពស់ ទំនងជាមិនខុសពី AMTD Digital និង Magic Empire។ ចំណុចដូចគ្នារបស់ក្រុមហ៊ុនទាំងនេះគឺ ពួកគេរកស៊ីក្នុងវិស័យឧស្សាហកម្មបែបបុរាណ និងមិនមានសកម្មភាពហិរញ្ញវត្ថុលំដាប់ «ឆ្នើម»។
ដូច្នេះ អ្នកវិភាគ Hebe Chen បានព្យាករថា Addentax អាចនឹងដើរតាមគន្លងរបស់ AMTD Digital និង Magic Empire។ បច្ចុប្បន្ន ភាគហ៊ុនរបស់ Addentax កំពុងត្រូវបានជួញដូរក្នុងរង្វង់ ៣០ ដុល្លារ/ហ៊ុន ថយចុះ ៩៥% ធៀបនឹងតម្លៃខ្ពស់បំផុតរបស់វា ហើយតម្លៃមូលធនទីផ្សារក៏បានថយចុះមកនៅត្រឹម ៨០០ លានដុល្លារអាម៉េរិក៕