Skip to content

អេ​ហ្ស៊ី​ប ទុយ​នី​ស៊ី និង​នី​ហ្សេ​រី​យ៉ា រំពឹង​ឈ្នះ​កៅអី World Cup ចុង​សប្តាហ៍​នេះ

ក្រុមបាល់ទាត់​ជម្រើសជាតិ​នី​ហ្សេ​រី​យ៉ា ទុយ​នី​ស៊ី និង​អេ​ហ្ស៊ី​ប អាច​នឹង​ដណ្តើមយក​កៅអី 3 ក្នុងចំណោម​កៅអី​ចំនួន 5 ដែល​នឹងត្រូវ​ផ្តល់​ឲ្យ​សម្រាប់​ការប្រកួត​ជម្រុះ​នៅ​តំបន់​អាហ្វ្រិក នៅត្រឹម​ចុង​សប្តាហ៍​នេះ នៅពេល​ពួកគេ​ធ្វើការ​ប្រកួត​ជម្រុះ នៅ​ចុង​សប្តាហ៍​នេះ ដើម្បី​ប្រជែង​យក​កៅអី​ទៅកាន់​ប្រទេស​រុស្ស៊ី នៅ​ឆ្នាំក្រោយ។

ក្រុមបាល់ទាត់​ជម្រើសជាតិ​នី​ហ្សេ​រី​យ៉ា នឹង​ឈ្នះ​សិទ្ធិ​ដើម្បី​បង្ហាញខ្លួន​ជា​លើក​ទី 6 របស់​ពួកគេ​ក្នុង​យុទ្ធនាការ​កីឡាបាល់ទាត់​ពិភពលោក​មួយ​នេះ តាមរយៈ​ការដណ្តើម​បាន​ជ័យជម្នះ​ក្នុង​ទីក្រុង Uyo ពេល​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ក្រុម​ជម្រើសជាតិ​ហ្សំ​ប៊ី ក្នុងការ​ប្រកួត​ពូ​ល B។

ដោយឡែក ក្រុម​ជម្រើសជាតិ​ទុយ​នី​ស៊ី នឹងត្រូវ​ធ្វើដំណើរ​ទៅកាន់​ទឹកដី​ក្រុម​ហ្គី​ណេ និង​ត្រូវតែ​រក​លទ្ធផល​ឲ្យ​បានល្អ​ប្រសើរ​ជាង​ក្រុម​ឈរ​លេខ2 គឺ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ ដែល​នឹងត្រូវ​ប៉ះ​ជាមួយ​លី​ប៊ី ដើម្បី​ឈ្នះ​សិទ្ធិ​ពី​ការប្រកួត​ក្នុង​ពូ​ល A។ ក្រុម​ជម្រើសជាតិ​អេ​ហ្ស៊ី​ប អាច​នឹង​បញ្ចប់​ការរង់ចាំ​រយៈពេល28ឆ្នាំ​ក្នុង World Cup តាមរយៈ​ការដណ្តើម​បាន​ជ័យជម្នះ​លើ​ទឹកដី​ខ្លួនឯង​ពេល​ជួប​ក្រុម​កុង​ហ្គោ​ប្រា​ហ្សា​វី​ល៍ ប្រសិនបើ​អ៊ូ​ហ្គ​ង់​ដា មិនអាច​ដណ្តើមបាន 3 ពិន្ទុ​ពេញ​ពេល​ប៉ះ​ជាមួយនឹង​ក្រុម​ហ្គា​ណា។

ស្របពេល​ជាមួយគ្នានេះ ការប្រកួត​ក្នុង​ពូ​ល​ផ្សេងទៀត ដែល​កំពុង​នាំមុខ​ដោយ​ក្រុម​ជម្រើសជាតិ​កូត​ឌី​វ័រ និង​បួ​គី​ណា​ហ្វា​សូ មិនទាន់​អាច​កាត់សេចក្តី​បានឡើយ បន្ទាប់ពី​ការប្រកួត​នៅ​ថ្ងៃស្អែក​នេះ ទោះបី​ស្ថិតក្នុង​លទ្ធផល​បែបណាក៏ដោយ។ ក្រោយពី​ឈ្នះ 2-1 លើ​ទឹកដី​ក្រុម​ហ្សំ​ប៊ី កាលពី​ឆ្នាំមុន នី​ហ្សេ​រី​យ៉ា ពិត​ជាមាន​សុទិដ្ឋិនិយម ជាពិសេស​ក្រោយពី​បានបង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​ល្អ​ទាំង​ក្នុង និង​ក្រៅ​ទឹកដី ពេល​ប្រកួត​ជាមួយនឹង​ក្រុម​ម្ចាស់​ជើងឯក​ទ្វីបអាហ្វ្រិក កា​មេ​រូ​ន កាលពី​ខែ​មុន។ ក្រោម​ជំនួយ​ដ៏​ធំ​ពី​សំណាក់​ខ្សែបម្រើ​ឆ្នើម Victor Moses និង John Mikel Obi នី​ហ្សេ​រី​យ៉ា បាន​យកឈ្នះ 4-0 ក្នុង​ទីក្រុង Uyo និង​ស្មើ 1-1 ក្នុង​ទីក្រុង Yaounde ដើម្បី​បញ្ចប់​ការ​ប្រជែង​របស់​កា​មេ​រូ​ន តែម្តង។

លោក Gernot Rohr គ្រូបង្វឹក​របស់​នី​ហ្សេ​រី​យ៉ា មិន​រំពឹងថា នឹង​អាច​រក​គ្រាប់​បាល់​បាន 4គ្រាប់​ផ្សេងទៀត​ពេល​ប្រកួត​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ហ្សំ​ប៊ី​ឡើយ។ លោក Rohr បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា៖ «ខ្ញុំ​ពិតជា​មិន​ជឿថា ការដណ្តើម​បាន​ជ័យជម្នះ​ដោយ​ការរក​គ្រាប់​បាល់​បាន 4គ្រាប់ នឹង​កើតឡើង​ឡើយ ការ​ឈ្នះ​ដោយ​គ្រាប់​បាល់1 ឬ2 ប្រហែលជា​អាចទៅរួច»៕

កម្មវិធី​ប្រកួត​ចុង​សប្តាហ៍
ថ្ងៃ​សុក្រ ទី6 ខែតុលា
ម៉ាលី v កូត​ឌី​វ័រ ម៉ោង 2 ទៀបភ្លឺ
ថ្ងៃ​សៅរ៍ ទី7 ខែតុលា
អាហ្វ្រិក​ខាងត្បូង v បួ​គី​ណា​ហ្វា​សូ ម៉ោង 8 យប់
អ៊ូ​ហ្គ​ង់​ដា v ហ្គា​ណា ម៉ោង 8 យប់
កា​មេ​រូ​ន v អាល់​ហ្សេ​រី ម៉ោង 11 យប់
នី​ហ្សេ​រី​យ៉ា v ហ្សំ​ប៊ី ម៉ោង 11 យប់
ហ្គី​ណេ v ទុយ​នី​ស៊ី ម៉ោង 12 យប់
លី​ប៊ី v កុង​ហ្គោ ម៉ោង 12 យប់
កាប់​វែ​រ v សេ​ណេ​ហ្គា​ល់ ម៉ោង-12:30 យប់
ម៉ា​រ៉ុ​ក v ហ្គា​បុ​ង ម៉ោង 2 ទៀបភ្លឺ
ថ្ងៃអាទិត្យ ទី8 ខែតុលា
អេ​ហ្ស៊ី​ប v កុង​ហ្គ្រោ ម៉ោង 12 យប់

ប្រភពពី៖ Supersport.com

Leave a Reply

Your email address will not be published. Required fields are marked *