ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ នឹងត្រូវការពារពាន World Cup របស់ពួកគេក្នុងប្រទេសរុស្ស៊ី ក្រោយពីបានឈ្នះកៅអីរបស់ពួកគេកាលពីថ្ងៃព្រហស្បតិ៍ តាមរយៈការដណ្តើមបានជ័យជម្នះក្នុងលទ្ធផល 3–1 លើក្រុមជម្រើសជាតិអៀរឡង់ខាងជើង ដែលអាចនឹងឈានទៅប្រកួតវគ្គ Playoff ពីការប្រកួតជម្រុះប្រចាំតំបន់អឺរ៉ុបក្នុងពូល C។
កីឡាករ Sebastian Rudy បានធ្វើឲ្យអ្នកគាំទ្រម្ចាស់ផ្ទះស្ថិតក្នុងភាពស្ងាត់ស្ងៀមក្នុងទីក្រុង Belfast តាមរយៈការរកគ្រាប់បាល់បើកឆាកក្នុងរយៈពេលត្រឹមតែ2នាទីដំបូង ខណៈដែលក្រុមម្ចាស់ផ្ទះមិនអាចទាត់បាល់ចេញឲ្យឆ្ងាយពីមុខទីរបស់ខ្លួនបាន ហើយខ្សែបម្រើរបស់ក្លិប Bayern បានឆក់ឱកាសនោះស៊ុតបាល់ពីចម្ងាយចូលទីយ៉ាងល្អតែម្តង។
អាល្លឺម៉ង់ បានធ្វើការនាំមុខ 2-០ នៅពេលដែលខ្សែប្រយុទ្ធវ័យក្មេង Sandro Wanger បានទទួលបាល់ពីការបញ្ជូនឱ្យរបស់កីឡាករ Thomas Muller មុននឹងស៊ុតបាល់បញ្ចូលទីផុតដៃអ្នកចាំទី Michael McGovern តែម្តង។ ខ្សែការពារ Joshua Kimmich បានបំពេញគ្រាប់បាល់ទី3របស់ក្រុមខ្លួន នៅពេលដែលរូបគេបានរកគ្រាប់បាល់បញ្ចូលទីយ៉ាងល្អនៅនាទី ទី86 មុនពេលកីឡាករ Josh Magennis បានវាយបកមួយគ្រាប់វិញឲ្យក្រុមម្ចាស់ផ្ទះ។ ក្រុមជម្រើសជាតិអៀរឡង់ខាងជើង នឹងត្រូវបញ្ចប់ដោយស្ថិតក្នុងចំណាត់ថ្នាក់លេខ2 ក្នុងពូលនេះ ប៉ុន្តែ ខណៈដែលមានតែក្រុមចំនួន 8 ក្នុងចំណោមក្រុមឈរលេខ 2ទាំង9 មានសិទ្ធិទៅប្រកួតវគ្គ Playoff ក៏ដោយ ក៏ពួកគេនៅតែអាចត្រូវការត្រឹមតែ1ពិន្ទុទៀតប៉ុណ្ណោះនៅលើទឹកដីក្រុមន័រវែស សប្តាហ៍ក្រោយ ដើម្បីទទួលបានកៅអីរបស់ពួកគេ។
ស្របពេលជាមួយគ្នានេះ ខ្សែប្រយុទ្ធ Harry Kane បានរកគ្រាប់បាល់ឈ្នះនៅជិតបញ្ចប់ការប្រកួតដើម្បីជួយឲ្យក្រុមជម្រើសជាតិអង់គ្លេស ឈ្នះសិទ្ធិរបស់ពួកគេទៅកាន់ World Cup ក្រោយពីដណ្តើមបានជ័យជម្នះ 1-0 នៅពេលប្រកួតជាមួយនឹងក្រុមជម្រើសជាតិស្លូវេនី ក្នុងពូល F។ វាជាលើកទី6ជាប់ៗគ្នាហើយដែលក្រុមអង់គ្លេស បានឈ្នះកៅអីទៅ World Cup៕
ប្រភពពី៖ ESPN