ក្រុមហ៊ុនផលិតរថយន្តរបស់ ប្រទេសជប៉ុន មួយនេះ នឹងចាប់ផ្ដើមផលិតថ្មផ្ទុកអគ្គិសនីពីឆ្នាំ ២០២៤ ដល់ ២០២៦ ដោយប្រើប្រាស់ទុនប្រមាណ ៧៣០ ពាន់លានយេន ដើម្បីបង្កើនសមត្ថភាពក្នុងការផលិតថ្ម ទាំងនៅ ជប៉ុន ទាំងនៅ សហរដ្ឋអាម៉េរិក ឱ្យបានឡើងដល់ ៤០ GWh។
Toyota ដែលជាក្រុមហ៊ុនផលិតរថយន្តរបស់ ជប៉ុន កាលពីថ្ងៃទី ៣១ សីហា បានឱ្យដឹងថា នឹងវិនិយោគ ៧៣០ ពាន់លានយេន (ប្រហែល ៥.២៧ ពាន់លានដុល្លារអាម៉េរិក) នៅ ជប៉ុន និងនៅ សហរដ្ឋអាម៉េរិក ដើម្បីផលិត និងផ្គត់ផ្គង់ថ្មផ្ទុកថាមពលសម្រាប់រថយន្តដើរដោយកម្លាំងអគ្គិសនី។
Toyota កំណត់គោលដៅចាប់ផ្ដើមផលិតថ្មផ្ទុកអគ្គិសនីពីឆ្នាំ ២០២៤ ដល់ ២០២៦ ដោយប្រើប្រាស់ទុនខាងលើ ដើម្បីបង្កើនសមត្ថភាពក្នុងការផលិតថ្ម ទាំងនៅ ជប៉ុន ទាំងនៅ សហរដ្ឋអាម៉េរិក ឱ្យបានដល់ ៤០ GWh។
ក្នុងខ្ទង់ប្រាក់វិនិយោគខាងលើ Toyota នឹងចំណាយប្រហែល ៤០០ ពាន់លានយេន សម្រាប់រោងចក្រផលិតថ្មផ្ទុកអគ្គិសនីនៅ ជប៉ុន និងប្រមាណ ២.៥ ពាន់លានដុល្លារទៀត សម្រាប់ការផលិតនៅ សហរដ្ឋអាម៉េរិក។
បណ្ដាក្រុមហ៊ុននៅទូទាំងពិភពលោក កំពុងតែចំណាយប្រាក់រាប់សិបពាន់លានដុល្លារ ដើម្បីបង្កើនការផលិតរថយន្តអគ្គិសនី និងថ្មផ្ទុកអគ្គិសនី ក្នុងគ្រាដែលបណ្ដាប្រទេស និងអង្គការអន្តរជាតិនានា ចាប់ផ្ដើមរឹតបន្តឹងលើការការពារបរិស្ថាន៕