ពិធីសម្ពោធបើកការដ្ឋានសាងសង់ស្ពានអាកាសក្នុង រាជធានីភ្នំពេញចំនួន ២ ដែលមានតម្លៃសរុបជាង ៤៦ លានដុល្លារអាមេរិក ត្រូវបានធ្វើឡើងក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី ៣១ ខែសីហានេះ។
ស្ពានអាកាសថ្មីចំនួន ២ ខាងលើនេះ រួមមាន ស្ពានទី ១ ស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយផ្លូវលេខ ២៧១ (វិថីកងយោធពលខេមរភូមិន្ទ) ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ។ ស្ពានអាកាសទី ២ ស្ថិតនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយផ្លូវលេខ ២០០៤ (មហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល) ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ស្ពានអាកាសដែលស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ-២៧១ ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ ត្រូវបាន សម្តេចតេជោ ហ៊ុន សែន បានប្រសិទ្ធនាមថា «ស្ពានអាកាសព្រះមុនីវង្ស» ខណៈដែលស្ពានអាកាសនៅចំណុចប្រសព្វរវាង មហាវិថីសហព័ន្ធរុស្ស៊ី និងផ្លូវលេខ ២០០៤ ក្នុង ខណ្ឌពោធិ៍សែនជ័យ ត្រូវបានហៅថា «ស្ពានអាកាស គង់ សំអុល»។
គិតមកដល់បច្ចុប្បន្ន រាជធានីភ្នំពេញ មានស្ពានអាកាសចំនួន ៧ កន្លែង រួមទាំងស្ពានអាកាសចំនួន ២ ដែលត្រូវសម្ពោធបើកការដ្ឋានសាងសង់នៅព្រឹកនេះ៕