កសិករឥណ្ឌូណេស៊ី នឹងទទួលបានផលចំណេញ ខណៈដែលតម្លៃប្រេងដូង និងប្រេងរុក្ខជាតិដទៃនៅក្នុងស្រុកមានស្ថិរភាព នៅពេល ឥណ្ឌាណេស៊ី បន្តការលើកលែងពន្ធសម្រាប់ការនាំចេញប្រេងដូង។
កាលពីថ្ងៃទី ២៩ សីហា ក្រសួងសម្របសម្រួលកិច្ចការសេដ្ឋកិច្ចឥណ្ឌូណេស៊ី បានប្រកាសថា ប្រទេសនេះបានបន្តការលើកលែងពន្ធនាំចេញប្រេងដូងរហូតដល់ថ្ងៃទី ៣១ ខែតុលាខាងមុខ។
ការដែល ឥណ្ឌាណេស៊ី បន្តការលើកលែងពន្ធសម្រាប់ការនាំចេញប្រេងដូងនេះ នឹងជួយរក្សាតម្លៃប្រេងដូង និងប្រេងរុក្ខជាតិនានានៅក្នុងស្រុកឱ្យមានស្ថិរភាពដូចបច្ចុប្បន្ន ក្នុងគ្រាដែលតម្លៃបន្លែផ្លែឈើស្រស់កើនឡើងក៏នាំមកនូវផលចំណេញសម្រាប់ប្រជាកសិករ។
ឥណ្ឌូណេស៊ី គឺជាប្រទេសដែលនាំចេញប្រេងដូងធំជាងគេបំផុតក្នុងពិភពលោក ប៉ុន្តែ ក្រុមអ្នកផលិតប្រេងដូងរបស់ ឥណ្ឌូណេស៊ី កន្លងមក ត្រូវដោះស្រាយបញ្ហាប្រេងដូងសល់ក្នុងឃ្លាំង បន្ទាប់ពីប្រទេសនេះហាមការនាំចេញក្នុងរយៈពេល ៣ សប្ដាហ៍ ដែលបានអនុវត្តចាប់ពីថ្ងៃទី ២៨ មេសា ដល់ ២៣ ឧសភា ដើម្បីបញ្ចុះតម្លៃប្រេងក្នុងប្រទេស។
ក្រោយពីបានដកចេញបម្រាមខាងលើ ឥណ្ឌូណេស៊ី បានដាក់ចេញគោលការណ៍ជួញដូរទំនិញមួយដែលត្រូវបានហៅថា កាតព្វកិច្ចទីផ្សារក្នុងស្រុក (DMO) ក្នុងបំណងរក្សាសកម្មភាពផលិតប្រេងរុក្ខជាតិក្នុងស្រុក។ ទន្ទឹមនឹងនេះ ប្រទេសនៅ អាស៊ីអាគ្នេយ៍មួយនេះក៏ប្រឹងប្រែងក្នុងការកាត់បន្ថយទំនិញសល់ក្នុងឃ្លាំង តាមរយៈការកាត់បន្ថយពន្ធនាំចេញ និងបង្កើនល្បឿននៃការដឹកជញ្ជូនទំនិញ។
ក្នុងខែកក្កដា ឥណ្ឌូណេស៊ី បានកាត់បន្ថយពន្ធនាំចេញប្រេងដូងពី ២០០ ដុល្លារអាម៉េរិក/តោន មកនៅត្រឹម ០ ដុល្លារ/តោន ដើម្បីជំរុញការនាំចេញ និងកាត់បន្ថយបញ្ហាសល់ទំនិញនៅក្នុងស្រុក៕