រថភ្លើងប្រភេទព្យួរនេះអាចដឹកមនុស្សបាន ២០០ នាក់ បើកបរក្នុងល្បឿន ៧០ គីឡូម៉ែត្រ/ម៉ោង បំពាក់បច្ចេកវិទ្យាបើកបរស្វ័យប្រវត្ត និងប្រើប្រាស់ថាមពលតិច។
រថភ្លើងអគ្គិសនីប្រភេទព្យួរដំបូងរបស់ ប្រទេសចិន ចាប់ផ្ដើមបរចេញពីរោងចក្ររបស់ក្រុមហ៊ុន CRRC Sifang នៅទីក្រុង Qingdao ខេត្ត Shandong ភាគខាងកើតនៃ ប្រទេសចិន កាលពីថ្ងៃទី ២៦ សីហា ២០២២។ រថភ្លើងអគ្គិសនីដែលអាចបើកបរក្នុងល្បឿន ៧០ គីឡូម៉ែត្រ/ម៉ោង និងអាចដឹកមនុស្សបាន ២០០ នាក់នេះ ត្រូវបានផលិតឡើងដើម្បីបម្រើដល់វិស័យទេសចរណ៍នៅក្នុងទីក្រុង Wuhan ខេត្ត Hebei ប្រទេសចិន។
រថភ្លើងព្យួរពាណិជ្ជកម្មនេះបំពាក់បច្ចេកវិទ្យាទំនើបៗ និងបើកបរស្វ័យប្រវត្ត ប៉ុន្តែ ត្រូវការឱ្យមានអ្នកបើកបរម្នាក់ដែលត្រៀមសម្រាប់ហេតុការណ៍បន្ទាន់ នេះបើតាម CRRC Sifang។ រថភ្លើងនេះក៏អាចបើកបរដោយខ្លួនឯងទៅកាន់ស្ថានីយដែលនៅក្បែរបំផុត ក្នុងករណីដាច់ចរន្តអគ្គិសនី។
រថភ្លើងអគ្គិសនីប្រភេទព្យួរនេះ ត្រូវបានរំពឹងថា នឹងជួយជំរុញវិស័យទេសចរណ៍នៅ Wuhan និងនាំមកនូវបទពិសោធន៍ដ៏អស្ចារ្យសម្រាប់ទេសចរ។ រថភ្លើងនេះនឹងរត់តាមផ្លូវដែកសម្រាប់ដំណើរកម្សាន្តដែលមានប្រវែងជាង ២៧ គីឡូម៉ែត្រ។ ដំណាក់កាលដំបូងរបស់គម្រោងខាងលើ រួមមានផ្លូវដែកប្រវែង ១០.៥ គីឡូម៉ែត្រ និង ចំណត ៦ កន្លែង៕