ក្រសួងចរាចរណ៍ និងដឹកជញ្ជូនរបស់ វៀតណាម បានស្នើគម្រោងរថភ្លើងល្បឿនលឿនប្រើប្រាស់បច្ចេកវិទ្យាដូចទៅនឹងរថភ្លើង Shinkanshen នៅ ប្រទេសជប៉ុន។ បើសិនត្រូវបានអនុម័តយល់ព្រម ប្រទេសនេះនឹងមានផ្លូវដែកល្បឿនលឿនដែលអាចភ្ជាប់ពីភាគខាងជើង ដល់ភាគខាងត្បូង ដោយចំណាយពេលដ៏ខ្លីក្នុងការធ្វើដំណើរ។
គម្រោងផ្លូវដែកល្បឿនលឿនឧត្តរ-ទក្សិណ របស់ វៀតណាម គ្រោងនឹងត្រូវបានដាក់ឡើងទៅកាន់ការិយាល័យនយោបាយ ដើម្បីត្រួតពិនិត្យ និងណែនាំនៅក្នុងខែកញ្ញាខាងមុខ។ បើសិនត្រូវបានអនុម័តយល់ព្រម នេះនឹងក្លាយជាជំហានសំខាន់សម្រាប់គម្រោងដែលប្រកបដោយការលំបាកនេះ។
សារព័ត៌មានវៀតណាម បានឱ្យដឹងថា តាមគម្រោង ១០ ឆ្នាំទៀត ប្រទេសនេះនឹងមានផ្លូវរថភ្លើងល្បឿនលឿន។ ក៏ប៉ុន្តែ មកដល់បច្ចុប្បន្ន គម្រោងនេះកំពុងស្ថិតនៅក្នុងតំណាក់កាលជជែកគ្នា និងមិនទាន់បានជ្រើសរើសបច្ចេកវិទ្យា និងល្បឿនកម្រិតណានៅឡើយ។
បើសិនជាមានរថភ្លើងល្បឿនលឿនប្រើប្រាស់បច្ចេកវិទ្យាដូចទៅនឹងរថភ្លើង Shinkanshen នៅ ជប៉ុន នោះគេនឹងចំណាយតែ ៦ ម៉ោងប៉ុណ្ណោះក្នុងការធ្វើដំណើរពី រដ្ឋធានីហាណូយ ទៅកាន់ ទីក្រុងហូជីមិញ (ព្រៃនគរ ឬសាយហ្កន) ដែលនេះគឺប្រហាក់ប្រហែលនឹងការធ្វើដំណើរទៅព្រលានយន្តហោះ បំពេញបែបបទ និងជិះយន្តហោះទៅកាន់ ទីក្រុងហូជីមិញ ដែលត្រូវចំណាយប្រហែល ៥ ម៉ោងនាបច្ចុប្បន្ន៕