Skip to content

អ្នកធ្វើដំណើរ​តាម​ស្ពាន​លី​យ៉ុង​ផាត់​នឹង​លែង​បង់លុយ​ទៀតហើយ

ភ្នំពេញ៖  អបអរសាទរ! ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​តាម​ស្ពាន​លី​យ៉ុង​ផាត់(ព្រែក​ព្នៅ) នឹង​លែង​ត្រូវ​បង់លុយ​ដូច​មុន​ទៀតហើយ ចាប់ពី​ថ្ងៃទី15 ខែតុលា​ខាងមុខនេះ​តទៅ ខណៈដែល​រដ្ឋាភិបាល​បានប្រកាស​ទិញ​ស្ពាន​នេះ​ពី​លោក​ឧកញ៉ា លី យ៉ុង​ផាត់ យកមក​គ្រប់គ្រង​ដោយ​រដ្ឋ​វិញ។

នៅលើ​ទំព័រ​ហេ្វ​ស​ប៊ុ​ក​ផ្ទាល់​របស់​សម្តេចនាយក​រដ្ឋមន្ត្រី​នៅ​ព្រឹក​ថ្ងៃទី5 ខែតុលា​នេះ បានឱ្យដឹងថា «ដើម្បី​ដោះស្រាយ​នូវ​ការលំបាក និង​ជួយ​លើកកម្ពស់​ជីវភាព​ប្រជាជន ពិសេស​សម្រួល​ដល់​ការធ្វើដំណើរ​ទៅ-មករ​បស់​ប្រជាពលរដ្ឋ ចាប់ពី​ម៉ោង00.00នាទី ថ្ងៃទី15 ខែតុលា ឆ្នាំ2017ខាងមុខនេះ​តទៅ ស្ពាន និង​ផ្លូវ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​6A ទៅ​ផ្លូវជាតិ​លេខ5 (ស្ពាន និង​ផ្លូវ​លី យ៉ុង​ផាត់ ព្រែក​ព្នៅ) នឹងត្រូវ​ធ្វើដំណើរ​ទៅ-មក​ដោយ​មិនបាច់​បង់ថ្លៃ​ឆ្លងកាត់​ទៀត​ទេ រាជរដ្ឋាភិបាល​នឹង​ទិញ​យកមក​គ្រប់គ្រង​វិញ»។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​បន្តទៀតថា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សាលា​រាជធានី​ភ្នំពេញ និង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​ដើម្បី​ពិនិត្យ​ដោះស្រាយ​បញ្ហា​មួយចំនួន​ដែល​នៅ​សេសសល់។ សង្ឃឹមថា ប្រជាពលរដ្ឋ​យើង​នឹង​ទទួលបាន​ផលប្រយោជន៍​ពី​ការសម្រេច​នេះ។

គួររំឭកថា ស្ពាន​លី យ៉ុង​ផាត់ បានដាក់​សម្ពោធ​ឱ្យប្រើ​ប្រាស់​កាលពី​ថ្ងៃទី20 ខែកញ្ញា ឆ្នាំ2010 ដែល​វិនិយោគ និង​សាងសង់​ដោយ​ក្រុមហ៊ុន​LYP Group ដោយ​ចំណាយ​ទឹកប្រាក់​សរុប​ចំនួន 43លាន​ដុល្លារ​អាមេរិក។ ស្ពាន​នេះ​មាន​បណ្តោយ996ម៉ែត្រ និង​ទទឹង14ម៉ែត្រ ត​ភ្ជាប់​ពី​ផ្លូវ​កប់​ស្រូវ (ត្រើយ​ខាងលិច​បឹង​ទន្លេសាប) ទៅ​ចំណុច​ស្ពាន​ទី6 ផ្លូវជាតិ​លេខ​6A (ត្រើយ​ខាងកើត​បឹង​ទ​នេ្ល​សាប) ដែល​តម្រូវឱ្យ​មានការ​សាងសង់​ផ្លូវ​បេតុង​ប្រវែង8,170ម៉ែត្រ ភ្ជាប់​ពី​គល់ស្ពាន​ត្រើយ​ខាងកើត ទៅ​ផ្លូវជាតិ​លេខ​6A។

សូមបញ្ជាក់​ផងដែរ​ថា ការផ្តល់​កាដូ​ថ្មី​សម្រាប់​ប្រជាពលរដ្ឋ​នេះ គឺធ្វើឡើង​ស្របពេល​ដែល​សាលា​រាជធានី​ភ្នំពេញ និង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានប្រកាស​ផ្អាក​ដំណើរការ មិនឱ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​លើ​ស្ពាន​ជ្រោយចង្វារ​ចាស់​ចាប់តាំងពី​ថ្ងៃទី1 ខែតុលា​កន្លងមក​ដើម្បី​ធ្វើការ​ជួសជុល​រហូតដល់​ចប់សព្វគ្រប់ ក្នុង​រយៈពេល​ប្រមាណ​ជា2ឆ្នាំ​ខាងមុខ៕

Leave a Reply

Your email address will not be published. Required fields are marked *