(ឥណ្ឌា)-ការស្ថាបនាស្ពាន Chenab ដែលជាស្ពានផ្លូវដែកមានទម្រកោងតែមួយខ្ពស់ជាងគេបង្អស់ក្នុងពិភពលោក ដោយមានកម្ពស់ពីទឹកទន្លេប្រមាណ ៣៥៩ ម៉ែត្រ បច្ចុប្បន្នសម្រេចបានប្រហែល ៩៨%។
កំណាត់ចុងក្រោយនៃផ្ទៃស្ពានផ្លូវដែកដែលខ្ពស់ជាងតួ Eiffel នេះ ត្រូវបានដំឡើងកាលពីថ្ងៃទី ១៣ សីហា។ ស្ពាន Chenab នៅ Kashmir នៃ ប្រទេសឥណ្ឌា ខ្ពស់ជាងតួ Eiffel ប្រហែល ២៩ ម៉ែត្រ។ ស្ពាននេះមានកម្ពស់ ៣៥៩ ម៉ែត្រ ធៀបនឹងផ្ទៃទឹកទន្លេ Chenab ដែលស្ថិតនៅខាងក្រោម។
ស្ពាន Chenab នឹងត្រូវបានដាក់ឱ្យប្រើប្រាស់នាពេលឆាប់ៗខាងមុខ។ ស្ពាននេះនឹងជួយបង្កើនការតភ្ជាប់រវាងតំបន់នានានៅ Kashmir។ Chenab ត្រូវបានបើកការដ្ឋានសាងសង់តាំងពីឆ្នាំ ២០០៤ ប៉ុន្តែ សំណង់នេះត្រូវបានពន្យារពេលអស់មួយរយៈ។
ក្រុមវិស្វករឱ្យដឹងថា ការងារប្រមាណ ៩៨% ត្រូវបានធ្វើរួចរាល់ បន្ទាប់ពីបានដំឡើងផ្ទៃរបស់ស្ពាន។ ស្ពានដែលមានប្រវែង ១,៣១៥ ម៉ែត្រនេះ ស្ថិតក្នុងចំណោមស្ពានចំនួន ១៦ ដែលកំពុងត្រូវបានស្ថាបនានៅក្នុងតំបន់ Kashmir។
ស្ពានផ្លូវដែក Chenab ត្រូវបានរចនាឡើងក្នុងបំណងអាចទប់ទល់នឹងខ្យល់ដែលមានល្បឿន ២៦៦ គីឡូម៉ែត្រ/ម៉ោង ដែលតែងកើតមាននៅតំបន់នេះ៕