Skip to content

រថយន្ត​របស់​តារា​សម្ដែង​​ជា​តួអង្គ​ James Bond ត្រូវ​បាន​លក់​ដេញ​ថ្លៃ​ តម្លៃ​រាប់​លាន​ដុល្លារ​អាម៉េរិក

នោះ​គឺជា​រថយន្ត​ Aston Martin DB5 ឆ្នាំ ១៩៦៤ ដែល​​​តួអង្គ​ចារបុរស​អង់គ្លេស James Bond (សម្ដែង​ដោយ​លោក​​​ Connery) បាន​បើក​បរ​នៅ​ក្នុង​ខ្សែ​ភាព​យន្ត​មួយចំនួន​ក្នុង​ទសវត្សរ៍ ១៩៦០។

តួអង្គ James Bond ត្រូវ​បានសម្ដែង​ដោយ​​តារា​សម្ដែង​ជា​ច្រើន​រូប​ និង​បើក​បរ​រថយន្ត​ច្រើន​ប្រភេទ​​នៅ​ក្នុងភាព​យន្ត​​ជាង​ ២០ វគ្គ​របស់​ខ្សែភាព​យន្ត​នេះ​ស្ដីពី​ចារបុរស​ ០០៧ នេះ​។ រថយន្ត​ដែល​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​តួអង្គ​ Bond មាន​ដូច​ជា BMW, Bentley, Chevrolets និង Ford។ ក៏ប៉ុន្តែ រថយន្ត​ម៉ាក Aston Martin ឆ្នាំ ១៩៦៤ នៅតែ​ជា​ «Bond car» (រថយន្ត​របស់តួអង្គ Bond) ដែល​ត្រូវ​បាន​គេ​ស្គាល់​ច្រើន​ជាង​គេ​។

រថយន្ត​ដែល​ត្រូវ​បាន​យក​មក​លក់​ដេញ​ថ្លៃ​នេះ​គឺជា​រថយន្ត​របស់​អតីត​តារាសម្ដែង​ជនជាតិ​អង់គ្លេស Sean Connery ជា​អ្នក​ដែល​បាន​សម្ដែង​ជា​តួអង្គ James Bond ក្នុង​ ៧ វគ្គ​ នៃ​ខ្សែភាព​យន្ត​ភ្នាក់​ងារ​សម្ងាត់ ០០៧ ចាប់​ពី​ឆ្នាំ ១៩៦២ ដល់ ១៩៨៣​។

Aston Martin DB5 ឆ្នាំ ១៩៦៤ ពណ៌​ទឹក​ប្រាក់​នេះ​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​ ២.៤ លាន​ដុល្លារ​អាម៉េរិក ខ្ពស់​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​ការ​រំពឹង​ទុក​ពី ១.៤ ដល់ ១.៨ លាន​ដុល្លារ​ នៅ​ក្នុង​​ព្រឹត្តិការណ៍​ «សប្ដាហ៍​រថយន្តបុរាណ» ​ប្រចាំ​ឆ្នាំ​​ Monterey ដែល​រៀប​ចំឡើង​នៅ​លើ​ ឧបទ្វីប Monterey របស់​ សហរដ្ឋ​អាម៉េរិក៕

Leave a Reply

Your email address will not be published. Required fields are marked *