រថយន្ត sQuba ត្រូវបានបង្ហាញជាសាធារណៈលើកដំបូងនៅក្នុងពិព័រណ៍រថយន្ត Geneva កាលពីថ្ងៃទី ១៦ មីនា ២០០៨។
Rinspeed Inc. គឺជាក្រុមហ៊ុនផលិតរថយន្តដ៏អស្ចារ្យរបស់ ប្រទេសស្វ៊ីស នេះ។ Rinspeed Inc. ត្រូវបាន Frank M. Rinderknecht (កើតឆ្នាំ ១៩៥៥) បង្កើតឡើងកាលពីឆ្នាំ ១៩៧៩ និងបានធ្វើការជាមួយអ្នកផ្គត់ផ្គង់ជាច្រើនដូចជា Harman, Sosram, ZF, SAP, Borbet, Dekra, Harting។ល។
រថយន្ត sQuba ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនស្វ៊ីស Rinspeed គឺជារថយន្តដំបូងក្នុងពិភពលោកដែលអាចបើកបរទាំងនៅលើគោក ទាំងនៅលើទឹក និងនៅក្រោមដី។ រថយន្តនេះត្រូវបានអភិវឌ្ឍទៅតាមខ្សែភាពយន្ត James Bond ឆ្នាំ ១៩៧៧ ដែលមានឈ្មោះថា The Spy Who Loved Me។
SQuba គឺជារថយន្តដើរដោយថាមពលអគ្គិសនីទាំងស្រុង ដោយមានម៉ូទ័រអគ្គិសនីចំនួន ៣ គ្រឿង ក្នុងនោះ ២ គ្រឿងសម្រាប់ដំណើរការក្រោមទឹក និង ១ គ្រឿងសម្រាប់បរលើកគោក។ រថយន្តនេះអាចស្ថិតនៅក្រោមទឹកជម្រៅ ១០ ម៉ែត្រ ហើយពេលនៅលើទឹក វាផ្លាស់ទីដូចទៅនឹងនាវាមុជទឹក។
រថយន្តអគ្គិសនី sQuba ដែលប្រើប្រាស់ថ្មប្រភេទ lithium-ion នេះ អាចបើកបរបានក្នុងល្បឿន ១២០ គីឡូម៉ែត្រ/ម៉ោងពេលនៅលើគោក និង ៦ គីឡូម៉ែត្រ/ម៉ោងពេលនៅលើទឹក និង ៣ គីឡូម៉ែត្រ/ម៉ោងពេលនៅក្រោមទឹក។
រថយន្តទំនើប sQuba អាចដឹកមនុស្សបាន ២ នាក់។ ពេលនៅក្រោមទឹក អ្នកនៅក្នុងរថយន្តនឹងដកដង្ហើមដោយប្រព័ន្ធបញ្ជាតាមបែបអ្នកមុជទឹក។ ពេលមិនមានអ្នកបើកបរ sQuba នឹងងើបឡើងលើផ្ទៃទឹកដោយស្វ័យប្រវត្ត៕