ការចំណាយកើនឡើងដោយសារតែការស្ថាបនាផ្លូវដែកក្រោមដីមកដល់ដំណាក់កាលដែលមានភាពស្មុគស្មាញជាងធៀបនឹងដំណាក់កាលទីមួយ ដោយសារបញ្ហាជាច្រើន ក្នុងនោះមានបញ្ហាទាក់ទងនឹងដីធ្លីជាដើម។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចឥណ្ឌាណេស៊ី Airlangga Hartarto បានឱ្យដឹងថា ថវិកាសម្រាប់ដំណាក់កាលទីពីរនៃគម្រោងស្ថាបនាផ្លូវរថភ្លើងអគ្គិសនីក្រោមដីហ្សាការតា ពីរង្វង់មូល HI នៅតំបន់កណ្ដាលរបស់ ហ្សាការតា ដល់ Ancol នៅភាគខាងជើងរដ្ឋធានីនេះ បានកើនឡើងដល់ ២៦ ទ្រីលានរូពី (ជាង ១.៧៥ ពាន់លានដុល្លារអាម៉េរិក)។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Antara កាលពីថ្ងៃទី ២៤ សីហា នៅឯការិយាល័យប្រធានាធិបតី រដ្ឋមន្ត្រីសេដ្ឋកិច្ចបានថ្លែងថា ថវិកាដំបូងរបស់គម្រោងយុទ្ធសាស្ត្រមួយនេះគឺត្រឹមតែ ២២.៥ ទ្រីលាន (២២,៥០០,០០០,០០០,០០០) រូបពីប៉ុណ្ណោះ។
ការចំណាយកើនឡើងដោយសារតែការស្ថាបនាផ្លូវដែកក្រោមដីមកដល់ពេលនេះមានភាពស្មុគស្មាញជាងធៀបនឹងដំណាក់កាលទីមួយ ដោយភ្ជាប់ពីរង្វង់មូល HI និង Lebak Bulus នៅ ហ្សាការតាខាងត្បូង ក៏ដូចជាបញ្ជាទាក់ទងនឹងដីធ្លី ពិសេសគឺនៅតំបន់ក្រុងបុរាណ Kota Tua។
ជាក់ស្ដែង ក្នុង ១៥.៧ គីឡូម៉ែត្ររបស់ដំណាក់កាលទីមួយ កំណត់ផ្លូវដែកក្រោមដីមានប្រវែងតែ ៥.៧ គូឡូម៉ែត្រ និង ១០ គូឡូម៉ែត្រគឺជាផ្លូវនៅលើទីខ្ពស់។ ចំណែកដំណាក់កាលទីពីរនៃគម្រោងផ្លូវដែកក្រោមដីនេះមានប្រវែង ១២.៣ គីឡូម៉ែត្រ ប៉ុន្តែ វាស្ថិតក្រោមដីទាំងស្រុង។
ដំណាក់កាលទីពីររបស់គម្រោងផ្លូវរថភ្លើងអគ្គិសនីក្រោមដីហ្សាការតា នេះ នឹងតភ្ជាប់ជាមួយផ្លូវរបៀងឧត្តរ-ទក្សិណរបស់ដំណាក់កាលទីមួយដែលត្រូវបានដាក់ឱ្យដំណើរការតាំងពីឆ្នាំ ២០១៩។
បន្ទាប់ពីបានបញ្ចប់ការសាងសង់ជាស្ថាពរ ពេលវេលាធ្វើដំណើរពីស្ថានីយរថភ្លើង Lebak Bulus ទៅដល់ស្ថានីយចុងក្រោយ Kota នឹងចំណាយពេលប្រហែលតែ ៤៥ នាទីប៉ុណ្ណោះ៕