Skip to content

Kane នឹង​ធ្វើជា​ប្រធាន​ក្រុម ពេល​អង់គ្លេស ប៉ះ ស្លូ​វេ​នី រាត្រី​នេះ

Harry Kane នឹង​ធ្វើជា​ប្រធាន​ក្រុមបាល់ទាត់​ជម្រើសជាតិ​អង់គ្លេស ក្នុងពេល​ប្រកួត​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ស្លូ​វេ​នី ក្នុង​វគ្គ​ជម្រុះ​សម្រាប់​ព្រឹត្តិការណ៍ World Cup ឆ្នាំ2018 នៅ​រាត្រី​នេះ ប៉ុន្តែ លោក Gareth Southgate មិនទាន់បាន​សម្រេចចិត្ត​ក្នុងការ​ជ្រើស​រើសយក​ប្រធាន​ក្រុម​ជា​អចិន្ត្រៃយ៍​នៅឡើយ​ទេ។

លោក Southgate គ្រូបង្វឹក​របស់​ក្រុម​ជម្រើសជាតិ​អង់គ្លេស បានប្រកាសថា Kane នឹង​ដឹកនាំ​ក្រុម​របស់លោក​ក្នុងការ​ប្រកួត​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ប៉ុន្តែ លោក​មិនបាន​ប្រកាសថា ខ្សែប្រយុទ្ធ​របស់​ក្លិប Tottenham រូបនេះ​ជា​ប្រធាន​ក្រុម​អចិន្ត្រៃយ៍​ឡើយ។ អ្នកចាត់ការ​ទូទៅ​រូបនេះ បាន​ស្ទាក់ស្ទើរ​ក្នុងការ​តែងតាំង​ប្រធាន​ក្រុម​ជា​អចិន្ត្រៃយ៍ ចាប់តាំងពី​ចូល​ជំនួស​កន្លែង​របស់លោក Sam Allardyce កាលពី​ឆ្នាំមុន និង​បានជ្រើសរើស​ប្រធាន​ក្រុម​របស់លោក​ទៅតាម​ការប្រកួត​មួយលើក។

ខ្សែបម្រើ Jordan Henderson របស់​ក្លិប Liverpool ធ្លាប់បាន​ធ្វើជា​ប្រធាន​ក្រុម​របស់​អង់គ្លេស ក្នុងពេល​ក្រុម​ខ្លួន​ទទួល​ជ័យជម្នះ​លើ​ក្រុម​ជម្រើសជាតិ​ស្លូ​វ៉ា​គី និង​ម៉ា​ល់ត៍ កាលពីដើម​ឆ្នាំនេះ ស្រប​ពេលដែល Kane ក៏​ធ្លាប់បាន​កាន់តំណែង​ជា​ប្រធាន​ក្រុម​ក្នុងពេល​ប្រកួត​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​បារាំង និង​ស្កុ​តលែ​ន​ដែរ។ លោក Southgate នឹងត្រូវ​សម្រេចចិត្តថា តើ​លោក​នឹងត្រូវ​តែងតាំង​ប្រធាន​ក្រុម​ជា​អចិន្ត្រៃយ៍​ម្នាក់ នៅមុន​យុទ្ធនាការ World Cup ក្នុងប្រទេស​រុស្ស៊ី នៅ​រដូវក្តៅ​ក្រោយ ឬ​យ៉ាងណា ប៉ុន្តែ គ្រូបង្វឹក​រូបនេះ​ជឿជាក់ថា Kane គឺជា​មនុស្ស​ដ៏​ស័ក្តិសម​ក្នុងការ​ដឹកនាំ​ក្រុម​អង់គ្លេស ក្នុងពេល​ប្រកួត​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ស្លូ​វេ​នី នៅ​កីឡដ្ឋាន Wembley។ លោក Southgate បាន​ឲ្យ​ដឹងថា៖ «រូបគេ​នឹង​ធ្វើជា​ប្រធាន​ក្រុម​នៅ​ថ្ងៃស្អែក​នេះ ជា​ព័ត៌មាន​ដែល​រូបគេ​បានដឹង​រយៈពេល​មួយខែ​មុន​ទៅហើយ យើង​បានធ្វើការ​ពិភាក្សាគ្នា​រួចជាស្រេច»។

ក្រុម​ជម្រើសជាតិ​អង់គ្លេស នឹង​ឈានទៅ​កាន់ការ​ប្រកួត​នេះ ដោយ​ដឹងថា ការដណ្តើម​បាន​ជ័យជម្នះ​ពេល​ជួប​ក្រុម​ស្លូ​វេ​នី នឹង​គ្រប់គ្រាន់​សម្រាប់​ពួកគេ​ក្នុងការ​កក់​កៅអី​ទៅ World Cup នៅ​រុស្ស៊ី ឆ្នាំ2018 ខណៈដែល​ពួកគេ​ត្រូវការ​ត្រឹមតែ2ពិន្ទុ​ទៀត​ប៉ុណ្ណោះ​ពី​ការប្រកួត​ជម្រុះ2លើកចុងក្រោយ​របស់​ពួកគេ។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង1:45ទៀបភ្លឺ៕

ប្រភពពី៖ Sky Sports

Leave a Reply

Your email address will not be published. Required fields are marked *