(អេមីរ៉ាតអារ៉ាប់រួម-UAE)-ក្រុមហ៊ុនមួយនៅ Dubai បានបង្ហាញរចនារូបរាងនៃទីក្រុងរង្វង់មូលកម្ពស់ប្រមាណ ៥០០ ម៉ែត្រ ខាងក្នុងមានខ្សែក្រវាត់បៃតងដែលមានប្រព័ន្ធជីវសាស្ត្រយ៉ាងសម្បូរបែប។
ក្រុមហ៊ុន Dubai ZNera Space លើកឡើងនូវគំនិតស្ដីពីការសាងសង់ Downtown Circle ជាទីក្រុងរង្វង់មូលកម្ពស់ ៥៥០ ម៉ែត្រ ដែលព័ទ្ធជុំវិញអគារខ្ពស់ជាងគេក្នុងពិភពលោក Burj Khalifa (កម្ពស់ ៨២៨ ម៉ែត្រ) នេះបើតាសារព័ត៌មាន Design Boom ចេញផ្សាយកាលពីម្សិលមិញ។ ទីក្រុងរង្វង់មូលនេះនឹងមានបរិវេណប្រវែង ៣,០០០ ម៉ែត្រ។
Downtown Circle នឹងក្លាយជាសំណង់ដ៏មហិមាមួយដែលលេចធ្លោជាងគេដោយសាររចនារូបរាងចម្លែករបស់វា។ ទីក្រុងនេះមានគ្រប់យ៉ាងដែលទីក្រុងធំៗមាន និងឆ្ពោះទៅកាន់ស្ថិរភាពយូរអង្វែងព្រោះតែអាចផ្គត់ផ្គង់គ្រប់យ៉ាងដោយខ្លួនឯង។
ទីក្រុង Downtown Circle នឹងមាន ៥ ជាន់សំខាន់ៗ និងត្រូវបានបែងជាផ្នែកតូចៗដើម្បីបង្កើតបានជាបរិស្ថានសាធារណៈ ពាណិជ្ជកម្ម តំបន់ស្នាក់នៅ និងតំបន់វប្បធម៌។ Downtown Circle ត្រូវបានទ្រទ្រង់ដោយសសរត្រង់ធំៗជាច្រើន។
សំណង់នេះរួមមានរង្វង់មូលពីរស្រទាប់ដែលតភ្ជាប់គ្នាដោយខ្សែក្រវាត់បៃតងទាំងស្រុង ដែលហៅថា Skypark។ Skypark ផ្ដល់បរិយាកាសស្រស់ស្រាយ ពន្លឺធម្មជាតិពេញបរិបូរ និងអាចគយគន់ទីក្រុងទាំងមូលយ៉ាងពេញភ្នែក។ នៅជុំវិញ Skypark គឺជាការិយាល័យ មជ្ឈមណ្ឌលស្រាវជ្រាវ ទីតាំងវប្បធម៌ និងប្រព័ន្ធជីវសាស្ត្រចម្រុះដែលដើរតួនាទីដូចទៅនឹងប្រព័ន្ធសួត។ នៅក្នុងខ្សែក្រវាត់បៃតងនេះ ក្រុមហ៊ុន ZNera Space នឹងផ្គត់ផ្គង់អាកាសធាតុ និងបរិស្ថានរស់នៅតាមបែបធម្មជាតិសម្បូរបែប រួមមាន ជ្រលងភ្នំ ទួលដីខ្សាច់ បឹងភក់ ជ្រោះទឹកធ្លាក់ ល្អាងភ្នំ និងវាលស្មៅត្រូពិចជាដើម។
ក្រុមហ៊ុន ZNera Space មានបំណងប្រែក្លាយ Downtown Circle ទៅជាផ្នែកមួយដែលមិនអាចខ្វះបានរបស់ប្រព័ន្ធជីវសាស្ត្រទីក្រុង។ Downtown Circle ក៏នឹងមានបណ្ដាញផ្លូវដែកដែលអនុញ្ញាតឱ្យរថភ្លើងធ្វើដំណើរក្នុងល្បឿន ១០០ គីឡូម៉ែត្រ/ម៉ោងផងដែរ៕