Skip to content

ក្រៅពី​វិស័យ​កាត់ដេរ កម្ពុជា​ត្រូវ​ពង្រឹង​វិស័យផ្សេងៗទៀត ទើប​អាច​រក្សា​ស្ថិរភាព​កំណើនសេដ្ឋកិច្ច

ភ្នំពេញ – យោងតាម​ការ​ព្យាករ​របស់​ធនាគារពិភពលោក​បានបង្ហាញ​ឱ្យឃើញថា កំណើនសេដ្ឋកិច្ច​កម្ពុជា​នឹងមាន​ការធ្លាក់ចុះ​បន្ដិច​នៅត្រឹម 6.8% ក្នុងឆ្នាំនេះ ខណៈ​ការនាំចេញ​ផលិតផល​វាយ​ន​ភណ្ឌ​ទៅកាន់​ក្រៅប្រទេស​មានការ​ថយចុះ។

បញ្ហា​ចម្បង​មួយ​ដែល​គេ​មើលឃើញថា ជា​កត្តា​រុញច្រាន​ឱ្យ​សេដ្ឋកិច្ចកម្ពុជា​មានការ​ថយចុះ​បន្ដិច​នោះ គឺ​ដោយសារតែ​ប្រាក់​ឈ្នួល​របស់​កម្មករ​បាន​កើនឡើង រីឯ​តម្លៃ​ផលិតផល​វាយ​ន​ភណ្ឌ​មានការ​ធ្លាក់ចុះ​បណ្ដាលឱ្យ​សកម្មភាព​នៃ​ការនាំចេញ​ផលិតផល​ទាំងនោះ​មានការ​ថយចុះ​ដែរ។

យោងតាម​ការលើកឡើង​របស់លោក លី សូ​ដេ​ត សេដ្ឋវិទូ​ជាន់ខ្ពស់​នៃ​ធនាគារពិភពលោក​បាន​បញ្ជាក់ថា ដើម្បី​រក្សា​ឱ្យបាន​កំណើនសេដ្ឋកិច្ច កម្ពុជា​ត្រូវតែ​ប្រឹងប្រែង​ពង្រីក​សក្ដានុពល​នៃ​ការផលិត​នូវ​ផលិត​ថ្មី​បន្ថែមទៀត​ក្រៅពី​ផលិតផល​វាយ​ន​ភណ្ឌ ធ្វើយ៉ាងណា​ជំរុញឱ្យមាន​ការនាំចេញ​កាន់តែ​ផុលផុស។

នៅក្នុង​ឆ្នាំនេះ​ការនាំចេញ​លើ​វិស័យ​វាយ​ន​ភណ្ឌ​មានការ​ធ្លាក់ចុះ​នៅត្រឹម5.4%គិត​ត្រឹម​ឆមាស​ទីមួយ បើ​បើ​ធៀប​ទៅនឹង​ឆ្នាំ2016 រយៈពេល​ដូចគ្នា​មានការ​នាំចេញ​រហូតដល់ 8.4% ។

សេដ្ឋវិទូ​ជាន់ខ្ពស់​រូបនេះ​ប្រាប់​យ៉ាង​ដូច្នេះ​ថា៖«ការពិត​សេដ្ឋកិច្ច​ដែល​ធ្លាក់ចុះ​ពី​អត្រា7.0%មក​នៅត្រឹម6.8% ដោយសារតែ​វិស័យ​កាត់ដេរ​របស់​យើង​ថយ​ល្បឿន​បន្ដិច លើក​មុន​យើង​មាន​កំណើន​ដល់8%ឥឡូវ​យើង​មានការ​ធ្លាក់​ចុះមក​នៅត្រឹម5% ។ តែ​យ៉ាងណាក៏ដោយ ប្រទេស​យើង​នៅមាន​ឧស្សាហកម្មថ្មីៗជាច្រើន​ទៀត ដែល​កំពុង​រីកលូតលាស់ ដូច្នេះ​យើង​ត្រូវតែ​ថែបំប៉ន​វា​ឱ្យមាន​សក្ដានុពល​ខ្លាំង​ឡើង​ជាង​ហ្នឹង​ទៀត ដើម្បី​ជំនួស និង​ជួយ​ទប់​នូវ​ការធ្លាក់ចុះ​បន្ដិច​ម្ដង​នៃ​វិស័យ​កាត់ដេរ​របស់​យើង ព្រោះ​យើង​មិនអាច​រារាំង​វិស័យ​កាត់ដេរ​មិនឱ្យ​ទៅណា​បានទេ»។

ជាមួយគ្នានេះដែរ លោក លី សូ​ដេ​ត បន្ថែមថា ប្រសិនបើ​សេដ្ឋកិច្ចកម្ពុជា​ឡើង​ខ្ពស់ តម្លៃ​ពលកម្ម​ឡើង​ខ្ពស់ ដូច្នេះ​យើង​ត្រូវ​ផលិត​ផលិតផល​ណា​ដែលមាន​តម្លៃ​ជាង​ផលិតផល​វាយ​ន​ភណ្ឌ (សម្លៀកបំពាក់) នេះ។ ទោះយ៉ាងណា យើង​ត្រូវ​ទប់ទល់​នឹង​ការថយចុះ​យ៉ាងគំហុក​នៃ​វិស័យ​កាត់ដេរ​ដែរ បើ​មិន​ដូច្នោះ​ទេ យើង​មិនអាច​រក្សា​ស្ថិរភាព​នៃ​កំណើនសេដ្ឋកិច្ច​បានទេ៕

Leave a Reply

Your email address will not be published. Required fields are marked *