រដ្ឋាភិបាលឥណ្ឌូណេស៊ី កំណត់គោលដៅនាំយកអាជីវកម្មខ្នាតតូច ខ្នាតតូចល្មម និងខ្នាតមធ្យមចំនួន ៣០ លានស្ថាប័ន និងភាគី ចូលរួមក្នុងទីផ្សារឌីជីថល ចាប់ពីឆ្នាំ ២០២៤។
រដ្ឋមន្ត្រីក្រសួងសហករណ៍ សហគ្រាសធុនតូច និងមធ្យមឥណ្ឌូនេស៊ី លោក Teten Masduki បានជំរុញឱ្យអាជីវករលក់រាយអាហារទាំងឡាយ ចូលរួមធ្វើអាជីវកម្មតាមអនឡាញ ក្នុងគ្រាដែលប្រទេសនេះត្រូវបានរំពឹងថា នឹងក្លាយជាខឿនសេដ្ឋកិច្ចឌីជីថលធំជាងគេបង្អស់នៅក្នុង តំបន់អាស៊ីអាគ្នេយ៍ ដោយនឹងមានចំណូលប្រមាណ ៣០២ ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ ២០៣០។
កាលពីថ្ងៃទី ២១ សីហា លោក Teten Masduki បានថ្លែងថា ប្រធានាធិបតីឥណ្ឌូណេស៊ី បានស្នើឱ្យមានការណែនាំឱ្យអាជីវករលក់អាហារ និងភេសជ្ជៈ ចូលរួមរកស៊ីក្នុងបណ្ដាញបច្ចេកវិទ្យាឌីជីថល ដើម្បីពង្រីកអាជីវកម្មរបស់ពួកគេ។
រដ្ឋាភិបាលឥណ្ឌូណេស៊ី កំណត់គោលដៅនាំយកអាជីវកម្មខ្នាតតូច ខ្នាតតូចល្មម និងខ្នាតមធ្យមចំនួន ៣០ លានស្ថាប័ន និងភាគី ចូលរួមក្នុងទីផ្សារឌីជីថល ចាប់ពីឆ្នាំ ២០២៤ ដែលតួលេខនេះកើនឡើងច្រើនបើធៀបនឹង ១៩.៥ លានស្ថាប័ន និងភាគី នៅក្នុងឆ្នាំ ២០២២ នេះ។
លោករដ្ឋមន្ត្រីខាងលើ បានសម្ដែងក្ដីសង្ឃឹមយ៉ាងមុតមាំថា គោលដៅខាងលើនឹងសម្រេចបាន នៅពេលមានការចូលរួមពីអាជីវករលក់ស៊ុប និងប្រហិត។ល។
ក្រសួងសហករណ៍ និងសហគ្រាសធុនតូច និងមធ្យមឥណ្ឌូនេស៊ី បញ្ជាក់ថា ស្ថាប័ននេះត្រៀមខ្លួនរួចរាល់ហើយសម្រាប់ជួយសម្រួលដល់ការចុះបញ្ជីពាណិជ្ជកម្ម និងលិខិតស្នាមនានាទៅតាមតម្រូវការរបស់អាជីវករ ក៏ដូចជាទៅតាមច្បាប់ដែលបានកំណត់៕