ភ្នំពេញៈ ប្រិយមិត្តគាំទ្រមានការភ្ញាក់ផ្អើលផង និងកោតសរសើរផង ទៅដល់តារាចម្រៀងស្រីដុះស្លែប្រចាំផលិតកម្មថោននាង មាស សុខសោភា ខណៈនៅពេលថ្មីៗនាងបានបង្ហោះរូបថតស្និទ្ធស្នាលស៊ីអារម្មណ៍ ឈរកៀកកើយនឹងគូស្នេហ៍ខ្លួននៅមាត់ទឹក មានទេសភាពថ្ងៃរៀបលិច ហាក់ដូចជាការសារភាពទម្លាយរឿងពិតខ្លួនមួយ ហើយក៏បង្ហើរសារមួយជាភាសាអង់គ្លេស ដែលសម្រួលជាភាសាខ្មែរថា៖ «ពេលនេះមានរយៈពេល ១០ ឆ្នាំបាត់! ហើយក៏សង្ឃឹមថា បងប្អូនប្រិយមិត្តគាំទ្រទាំងអស់ មេត្តាបើកទូលាយចិត្តបេះដូង និងនៅតែបន្តការគាំទ្រដល់នាងខ្ញុំដដែល!» តាមបណ្តាញសង្គមអ៊ីនស្តាក្រាម។
មួយរំពេចក្រោយមកក៏មានប្រិយមិត្តអ្នកលេងបណ្តាញសង្គមជាច្រើនចូលទៅចុច Likes និងចូល Comments បញ្ចេញមតិយោបល់ទៅនឹងសារការពិត របស់តារាស្រីដែលទើបតែបានបង្ហោះទម្លាយរឿងពិតថា ខ្លួនបានមានគូស្នេហ៍នែបនិត្យ គិតទៅមានពេល ១ ទសវត្សរ៍ទៅហើយ ដោយគេឃើញមានទាំងអ្នកចូលរួមអបអរសាទរ និងសម្តែងអារម្មណ៍បន្តការគាំទ្រ ដូចជាមិនមានអ្នកណាម្នាក់រំលេចសំណេរអវិជ្ជមានឡើយ។ អ្នកខ្លះសរសេរថា៖ «អបអរសាទរបងស្រី សម្រាប់គូស្នេហ៍ដ៏យូរលង់!» ខណៈអ្នកខ្លះទៀតបង្ហាញអារម្មណ៍ផ្ទាល់ខ្លួនបែបជាការតាំងចិត្តគាំទ្រថា៖ «មិនថា បង ភា រៀបការ មានកូនចៅទេ ក៏នៅតែផ្តល់សំឡេងគាំទ្ររាល់ទង្វើល្អរបស់បងភាជានិច្ច។ ខ្ញុំតែងតែស្រឡាញ់ និងនៅតែបន្តគាំទ្របងជារៀងរហូត និងខ្លាំងជាងមុនទៀតផង!។ កុំបារម្ភអី ខ្ញុំនៅតែជាអ្នកគាំទ្របងជានិច្ច» ចំណែកឯអ្នកផ្សេងទៀតបានបង្ហាញភាពភ្ញាក់ផ្អើលថា៖ «អីយ៉ា!ខួបគូស្នេហ៍រយៈពេល ១០ ឆ្នាំផង ពិតជាមិនគួរឲ្យជឿសោះនៀក!»។
កាលមុនអ្នកនាង មាស សុខសោភា ក៏ធ្លាប់បានបញ្ជាក់បែបមិនលាក់លៀមពីសម្ព័ន្ធភាពដូចជាប្តីប្រពន្ធបានប្រាប់ដែរថា៖ «នាពេលកន្លងមករហូតដល់ឥឡូវនេះ គឺគាត់តែងតែទៅណាមកណាជាមួយខ្ញុំជានិច្ច ហើយពេលថ្មីៗនេះ ដោយសារសុខភាពនាងខ្ញុំមិនសូវល្អធ្វើឲ្យគាត់បារម្ភទើបតម្រូវឲ្យមានការជូននាងខ្ញុំជាប់ញឹកញាប់ជាងរាល់ដងជាហេតុនាំឲ្យមហាជនឃើញខុសប្លែកនោះឯង»៕