គម្រោងស្ពានចេញពីផ្សាររាត្រី ឆ្ពោះទៅកាន់តំបន់ជ្រោយចង្វារ និងភ្ជាប់ទៅកាន់តំបន់អរិយក្សត្រ ទើបតែត្រូវបានបង្ហាញជាសាធារណៈ ដោយស្ពាននេះនឹងត្រូវចាប់ផ្ដើមការសាងសង់នៅឆ្នាំ ២០២៣។
គម្រោងស្ពានផ្សាររាត្រី-អរិយក្សត្រ ទទួលបានហិរញ្ញប្បទានសម្បទាន ពី កូរ៉េខាងត្បូង (សាធារណរដ្ឋកូរ៉េ) បន្ទាប់ពី កម្ពុជា បានស្នើសុំ ភាគីកូរ៉េខាងត្បូង ឱ្យជួយសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ។ នេះបើតាម ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានមានប្រសាសន៍កាលពីពេលថ្មីៗនេះ។
បច្ចុប្បន្នគម្រោងស្ថាបនាស្ពានខាងលើនេះ កំពុងតែត្រូវបានសិក្សាលើផ្នែកបច្ចេកទេស។ ការសិក្សាមួយចំនួនដែលត្រូវធ្វើដំបូង រួមមានដូចជា បញ្ហាសោភ័ណភាព បច្ចេកទេស លំហូរទឹក និងការចាត់ចែងកញ្ចប់ថវិកា នេះបើតាម លោក វ៉ាស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន។