ប្រព័ន្ធតេឡេស្កុបសង្កេតព្រះអាទិត្យដែលធំបំផុតក្នុងពិភពលោកនេះ រួមមាន អង់តែនរាងចានចំនួន ៣១៣ គ្រឿង ត្រូវបានតម្រៀបជារង្វង់មូលដ៏ធំ។
ប្រទេសចិន កំពុងសាងសង់ប្រព័ន្ធតេឡេស្កុបស្រាវជ្រាវព្រះអាទិត្យធំជាងគេបង្អស់ក្នុងពិភពលោក ដើម្បីស្វែងយល់អំពីការផ្ទុះមួយប្រភេទនៅលើព្រះអាទិត្យដែលគេហៅថា Solar Corona ដែលអាចបង្កភាពច្របូកច្របល់នៅលើផែនដី នេះបើតាម Space ចេញផ្សាយកាលពីថ្ងៃទី ២២ សីហា។
តេឡេស្កុបវិទ្យុ DSRT ខាងលើនេះ ស្ថិតនៅលើតំបន់ខ្ពង់រាបមួយនៅក្នុងខេត្ត Sichuan ភាគនិរតីនៃ ប្រទេសចិន។ នៅពេលបញ្ចប់ការសាងសង់ជាស្ថាពរ ប្រព័ន្ធនេះនឹងមានតេឡេស្កុបចំនួន ៣១៣ គ្រឿង ក្នុងនោះ មួយគ្រឿងៗមានអង្កត់ផ្ចិត ៦ ម៉ែត្រ និងត្រូវបានតម្រៀបជារង្វង់មូលដ៏ធំមួយដែលមានបរិវេណប្រវែង ៣.១៤ គីឡូម៉ែត្រ៕