ប្រទេសអាហ្សង់ទីន អ៊ុយរូហ្គាយ និងប៉ារ៉ាហ្គាយ នឹងរួមគ្នាបង្កើតការដេញថ្លៃមួយដើម្បីធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ World Cup នៅឆ្នាំ2030។ នេះបើយោងតាមការប្រកាសរបស់ប្រធានាធិបតីរបស់ប្រទេសទាំងបីកាលពីថ្ងៃពុធ។
លោក Horacio Cartes ប្រធានាធិបតីរបស់ប្រទេសប៉ារ៉ាហ្គាយ បានបញ្ជាក់កាលពីខែសីហាថា ប្រទេសរបស់លោកនឹងចូលរួមដាក់សំណើដេញថ្លៃដែលត្រូវបានចូលរួមដោយប្រទេសអាហ្សង់ទីន និងអ៊ុយរូហ្គាយ ដែលធ្លាប់បានធ្វើជាម្ចាស់ផ្ទះ និងបានឈ្នះពាន World Cup ដំបូងគេ កាលពីឆ្នាំ1930។ លោក Cartes បានចូលរួមប្រជុំជាមួយនឹងប្រធានាធិបតីរបស់ប្រទេសអាហ្សង់ទីន និងអ៊ុយរូហ្គាយ គឺលោក Mauricio Macri និងលោក Tabare Vazquez ក្នុងទីក្រុង Buenos Aires កាលពីថ្ងៃពុធ ដើម្បីធ្វើការប្រកាសជាផ្លូវការ។ លោក Cartes បានឲ្យដឹងថា៖ «កិច្ចប្រជុំជាលើកទី1សម្រាប់ការរៀបចំការដេញថ្លៃនេះ នឹងត្រូវរៀបចំឡើងនៅសប្តាហ៍ទី1នៃខែវិច្ឆិកា។
ប្រទេសផ្សេងទៀតក៏ចង់ធ្វើជាម្ចាស់ផ្ទះដែរ ប៉ុន្តែ វានឹងមានការប្រជែងដ៏ខ្លាំងមួយពីសំណាក់ប្រទេសអ៊ុយរូហ្គាយ ដែលនឹងធ្វើការអបអរគម្រប់ខួបឆ្នាំទី100របស់គេនៃការធ្វើជាម្ចាស់ផ្ទះ» ចាប់តាំងពីប្រទេសនេះបានរៀបចំព្រឹត្តិការណ៍ World Cup ជាលើកទី1មក។ ប្រទេសម្ចាស់ផ្ទះអ៊ុយរូហ្គាយ បានផ្តួលក្រុមជម្រើសជាតិអាហ្សង់ទីន ក្នុងលទ្ធផល 4-2 ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ កាលពីឆ្នាំ1930 ក្នុងទីក្រុង Montevideo។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ World Cup បន្ទាប់(ឆ្នាំ2018)នឹងត្រូវប្រព្រឹត្តទៅនៅក្នុងប្រទេសរុស្ស៊ី ខណៈដែលកាតា នឹងធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ2022។ ដោយឡែក ការដាក់សំណើដេញថ្លៃរួមគ្នារវាងប្រទេសសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា កំពុងតែមានប្រៀបធ្វើជាម្ចាស់ផ្ទះ World Cup ឆ្នាំ2026 ខណៈដែលមានតែប្រទេសម៉ារ៉ុក មួយប៉ុណ្ណោះ ដែលបានចូលខ្លួនក្នុងការដេញថ្លៃ៕
ប្រភពពី៖ Sport24