ភ្នំពេញ៖ ក្រុមការងារបច្ចេកទេសត្រីភាគី រួមមានភាគីក្រសួងការងារ ភាគីក្រុមសហជីពតំណាងកម្មករ និងភាគីនិយោជក (ថៅកែ) បានជួបប្រជុំគ្នាមួយដើម្បីធ្វើការចរចាគ្នាស្វែងរកដំណោះស្រាយក្នុងការដំឡើងប្រាក់ខែឱ្យកម្មករ-កម្មការិនីកាត់ដេរ និងដេរស្បែកជើងសម្រាប់ឆ្នាំ 2018ខាងមុខ។
ជាលទ្ធផលនៃកិច្ចប្រជុំក្រុមការងារបច្ចេកទេសត្រីភាគីដើម្បីពិភាក្សាពីប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងសម្រាប់ឆ្នាំ2018ខាងមុខនេះ ភាគីនីមួយៗនៃក្រុមការងារបច្ចេកទេសត្រីភាគីបានដាក់សំណើចុងក្រោយរបស់ខ្លួន ដោយក្នុងនោះភាគីសហជីពស្នើសុំ 170ដុល្លារ ភាគីនិយោជកស្នើសុំត្រឹម 162ដុល្លារ និងភាគីរាជរដ្ឋាភិបាលសម្របសម្រួលដល់ 165ដុល្លារ។
ប៉ុន្តែយ៉ាងណានោះ ក្រុមការងារបច្ចេកទេសទាំងបីមិនទាន់ឯកភាពគ្នាទាំងស្រុងនៅឡើយទេ ដោយគណៈកម្មការប្រឹក្សាការងារនឹងកោះប្រជុំនៅរសៀលថ្ងៃទី5 ខែតុលា ឆ្នាំ2017នេះ ម្ដងទៀត ដើម្បីប្រជុំពិនិត្យសម្រេចលើសំណើរបស់ភាគីនីមួយៗនេះ។
សូមជម្រាបថា ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីកាត់ដេរ នៅក្នុងតំបន់សេដ្ឋកិច្ចកាលពីម្សិលមិញនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ប្រាក់ខែអប្បបរមារបស់កម្មករកាត់ដេរនៅឆ្នាំ2018នឹងទទួលបានយ៉ាងតិចក្នុងចន្លោះពី160-170 ដុល្លារ ហើយបើបូករួមទាំងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតផងនោះ កម្មករកាត់ដេរម្នាក់ ៗនឹងទទួលបានប្រាក់ខែលើសពី 200ដុល្លារក្នុងមួយខែ។
ក្នុងគោលនយោបាយលើកកម្ពស់ជីវភាពកម្មករ រដ្ឋាភិបាលបានអនុញ្ញាតឱ្យកម្មករនិយោជិតជាស្ត្រីដែលមានផ្ទៃពោះលើសពី3ខែ បានចេញមុនម៉ោងធ្វើការរបស់ខ្លួនយ៉ាងតិច15នាទី ដើម្បីគាំពារសុខមាលភាពកម្មករនិយោជិតជាស្ត្រីមានផ្ទៃពោះ និងទារកក្នុងផ្ទៃ។
ចំណែកស្ត្រីមានផ្ទៃពោះសម្រាកឆ្លងទន្លេក៏មានប្រាក់ខែ120%រយៈពេល3ខែផងដែរ។ ទោះជាសម្រាលកូនក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធ និងទោះបីជាកូននោះកើតរស់ ឬស្លាប់ក្ដី ក៏នៅតែទទួលបានប្រាក់ឧបត្ថម្ភគាំពារដែរ។ ក្នុងនោះបើសម្រាលកូនបានមួយនាក់នឹងទទួលបានប្រាក់ឧបត្ថម្ភ 40ម៉ឺនរៀល កូនភ្លោះពីរនាក់ទទួលបាន80ម៉ឺនរៀល និងកូនភ្លោះបីនាក់ទទួលបាន120ម៉ឺនរៀល ដែលប្រាក់ឧបត្ថម្ភនេះនឹងចាប់អនុវត្តពីថ្ងៃទី1 ខែមករា ឆ្នាំ2018ខាងមុខនេះតទៅ៕