ត្រឹមតែ ៧ ឆ្នាំប៉ុណ្ណោះ ក្រោយពីបានរកឃើញប្រេងឆៅជាលើកដំបូង អាជ្ញាធរប្រទេសហ្គីយ៉ាន (Guyana) ផលិតបានជាង ១១ ពាន់លានធុង នៅក្នុងប្រទេសដែលមានប្រជាជនសរុបប្រមាណតែ ៨០០,០០០ នាក់។
លោក Walter Raleigh គិតថា ខ្លួនបានរកឃើញ El Dorado (ទីក្រុងមាស) នៅទីដែលគេស្គាល់ថា ហ្គីយ៉ាន កាលពីឆ្នាំ ១៥៩៥។ ប៉ុន្តែ តាមពិត Darren Woods មេរបស់ Exxon Mobile ទើបជាអ្នករកឃើញវាកាលពីឆ្នាំ ២០២២។ ប៉ុន្តែ អ្វីដែល Darren Woods បានរកឃើញ នោះគឺជាមាសខ្មៅ (រ៉ែប្រេង)។
ហ្គីយ៉ាន ជាប្រទេសមួយស្ថិតនៅ តំបន់អាម៉េរិកខាងត្បូង គឺជា «Oil Dorado» (ទីក្រុងមាស) ដោយមានធនធានរ៉ែប្រេងដ៏សម្បើមនៅក្រោមបាតសមុទ្រ។ ប្រេងឆៅរាប់ពាន់លានធុងត្រូវបានរកឃើញ នេះគិតត្រឹមតែនៅក្នុងឡូត៍ Stabroek ប៉ុណ្ណោះ។
មកដល់បច្ចុប្បន្ន ប្រេងចំនួន ១១ ពាន់លានធុងត្រូវបានរកឃើញ ហើយតួលេខនេះនឹងបន្តកើនឡើង។ ក្រោយការរកឃើញប្រភពប្រេងបាន ៣ ឆ្នាំ មានប្រព័ន្ធទាញយកប្រេងចំនួន ៣០ ត្រូវបានសាងសង់នៅតាមអណ្ដូងប្រេងរបស់ ហ្គីយ៉ាន។ អត្រានៃជោគជ័យនៅក្នុងការរកឃើញរ៉ែប្រេងគឺ ៩០%។
ហ្គីយ៉ាន គឺជាមហាអំណាចផ្នែករ៉ែប្រេងថ្មី។ តាមការគណនា នៅឆ្នាំ ២០៣៥ ប្រទេសនេះនឹងផលិតប្រេងឆៅបានច្រើនជាង សហរដ្ឋអាម៉េរិក ទៅទៀត។
ក្នុងគ្រាដែលប្រភពផ្គត់ផ្គង់ថាមពលកំពុងត្រូវបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដោយសារតែសង្គ្រាមនៅ អ៊ុយក្រែន ប្រទេសហ្គីយ៉ាន ត្រូវបានគេមើលឃើញថាជាត្បូងពេជ្រដ៏មានតម្លៃនៅក្នុងផែនទីប្រេងរ៉ែរបស់ពិភពលោក។ «ទីក្រុងមាស» នេះ កំពុងលេចធ្លោជាងគេ ក្រោយការរកឃើញរ៉ែប្រេងជាលើកដំបូងកាលពី ៧ ឆ្នាំមុន៕