ពេញមួយឆមាសទីមួយនៃឆ្នាំ ២០២២ នេះ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានជិត ២០ លានដុល្លារអាម៉េរិក កើនប្រមាណ ៣៥% បើធៀបនឹងឆមាសទីមួយនៃឆ្នាំ ២០២១ នេះបើតាម ឯកឧត្តម ហ៊ី បាវី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃ កំពង់ផែស្វយ័តភ្នំពេញ។
អគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ នៅថ្ងៃទី ២៣ សីហានេះ បានឱ្យដឹងថា ការនាំចេញកសិផល និងផលិតផលវាយភ័ណ្ឌកាត់ដេររបស់ កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិមានការកើនឡើង ជាហេតុធ្វើឱ្យការនាំចេញតាមរយៈ កំពង់ផែស្វយ័តភ្នំពេញ កើនឡើងជាង ៣៥% ធៀបនឹងអំឡុងពេលដូចគ្នាកាលពីឆ្នាំកន្លង។
ឯកឧត្តម ហ៊ី បាវី បន្ថែមថា កំពង់ផែស្វយ័តភ្នំពេញ នឹងខិតខំបន្តយកចិត្តទុកដាក់លើការធ្វើទំនើបកម្មប្រតិបត្តិការឱ្យស្របតាមស្តង់ដារ និងប្រព័ន្ធបច្ចេកវិទ្យា បង្កើនសមត្ថភាពប្រកួតប្រជែង និងជំរុញសេវាកម្មរបស់កំពង់ផែនេះ ឱ្យកាន់តែខិតជិតអ្នកប្រើប្រាស់។
នៅក្នុងរយៈពេល ៧ ខែដើមឆ្នាំ ២០២២ នេះ ទំនិញដែលបានឆ្លងកាត់ កំពង់ផែស្វយ័តភ្នំពេញ រួមមាន ៖ ប្រេងឥន្ធនៈជាង ២.៤ លានតោន, នាវាផ្ទុកទំនិញឆ្លងកាត់ ២,៣៩០ ជើង, បរិមាណកុងតឺន័រ មានចំនួន ២៥ ម៉ឺនធីអ៊ីយូ។
ក្នុងត្រីមាសទីមួយ ឆ្នាំ ២០២២ កំពង់ផែស្វយ័តភ្នំពេញ រកបានចំណូលប្រមាណ ១០ លានដុល្លារអាម៉េរិក កើន ១៧% ធៀបនឹងត្រីមាសទីមួយឆ្នាំ ២០២១។ កាលពីឆ្នាំ ២០២១ ប្រាក់ចំណេញដែលកំពង់ផែនេះរកបានមានចំនួន ១២ លានដុល្លារអាម៉េរិក៕