ជារៀងរាល់សប្ដាហ៍នឹងមានការដឹកជញ្ជូនតាមជើងហោះហើរចំនួន ៣ គឺនៅថ្ងៃចន្ទ ពុធ និងថ្ងៃសុក្រ ដែលក្នុងនោះ មួយជើងៗអាចដឹកទំនិញបាន ៤៥ តោន ចេញដំណើរពីទីក្រុង Harbin របស់ ចិន ទៅកាន់ Los Angeles របស់ សហរដ្ឋអាម៉េរិក។
យោងតាមសារព័ត៌មានចិន Xinhua យន្តហោះ Boeing 787-9 ១ គ្រឿងដែលដឹកទំនិញ ៤១.៤ តោន បានហោះឡើងកាលពីយប់ថ្ងៃទី ២២ សីហា ពីទីក្រុង Harbin នៃខេត្ត Heilongjiang ភាគឦសានប្រទេសចិន ឆ្ពោះទៅកាន់ទីក្រុង Los Angeles សហរដ្ឋអាម៉េរិក។ ជើងហោះហើរនេះគឺតំណាងឱ្យការចាប់ផ្ដើមសេវាកម្មដឹកជញ្ជូនផ្លូវអាកាសថ្មីរវាង ប្រទេសចិន និង សហរដ្ឋអាម៉េរិក។
ក្រុមហ៊ុន Heilongjiang LongYuLian International Logistics Co., Ltd. ដែលជាអ្នកគ្រប់គ្រងសេវាដឹកជញ្ជូនទំនិញខាងលើ បានឱ្យដឹងថា សប្ដាហ៍នេះនឹងមានជើងហោះហើរចំនួន ៣ ចេញដំណើរក្នុងថ្ងៃចន្ទ ពុធ និង សុក្រ ហើយជើងហោះហើរនីមួយៗនឹងអាចដឹកបាន ៤៥ តោន ដោយចំណាយពេលហោះហើរ ១១ ម៉ោង។
ក្រុមហ៊ុនគ្រប់គ្រងព្រលានយន្តហោះ Heilongjiang ឱ្យដឹងថា ទំនិញដែលបានដឹកតាមជើងហោះហើរដំបូងរវាង Harbin និង Los Angeles នេះ រួមមាន សម្លៀកបំពាក់ និងគ្រឿងអេឡិចត្រូនិក។ ក្រុមហ៊ុនគ្រប់គ្រងព្រលានយន្តហោះខាងលើក៏មានគម្រោងអភិវឌ្ឍ Heilongjiang ឱ្យទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញអន្តរជាតិ និងមូលដ្ឋានតភ្ជាប់ការដឹកជញ្ជូនទំនិញជាមួយ តំបន់អឺរ៉ុប និង អាម៉េរិកខាងជើង ផងដែរ៕