រថយន្តអគ្គិសនីទាំងឡាយអាចក្លាយជាមធ្យោបាយដ៏អស្ចារ្យនៅក្នុងការរក្សាទុកអគ្គិសនីដែលបានពីថាមពលកកើតឡើងវិញ និងអាចបញ្ជូនចូលទៅក្នុងបណ្ដាញអគ្គិសនីនៅពេលតម្រូវការប្រើប្រាស់កើនឡើងខ្ពស់។ ជាងនេះ អ្នកប្រើប្រាស់ក៏អាចនឹងមិនត្រូវបង់ថ្លៃអគ្គិសនីប្រចាំខែ ដោយប្រើប្រាស់ការកែច្នៃថ្មីនេះ។
Paul Kershaw មិនមែនជាទេវតា ប៉ុន្តែបុរសរូបនេះអាចទាញយកថាមពលរបស់ខ្យល់ និងព្រះអាទិត្យសម្រាប់ការប្រើប្រាស់តាមតម្រូវការ។
ជារៀងរាល់ព្រឹកនៅឯផ្ទះរបស់ខ្លួនក្បែរ Cambridge ចក្រភពអង់គ្លេស លោក Kershaw បញ្ចូលថាមពលឱ្យរថយន្តអគ្គិសនី Nissan Leaf របស់គាត់។ អគ្គិសនីដែលគាត់ប្រើគឺបានមកពីស្លាបកង្ហារប្រើកម្លាំងខ្យល់ចំនួន ១២ គ្រៀង នៅឯកស្ថានីយផលិតអគ្គិសនីពីកម្លាំងខ្យល់ Red Tile និងស្ថានីយសូឡារ Ryston។ ចាប់ពីព្រលប់ Kershaw ភ្ជាប់ចរន្តអគ្គិសនីពីរថយន្តរបស់គាត់ ទៅឱ្យអ្នកជិតខាងដែលត្រូវការចាំបាច់។
បុរសវ័យ ៥១ ឆ្នាំដែលបានចូលនិវត្តន៍រូបនេះ មិនសូវប្រើប្រាស់រថយន្តអគ្គិសនីដែលគាត់មាន។ គាត់ប្រើម្ដងម្កាល ពេលដឹកសុនកទៅគយគន់ធម្មជាតិ។ លោក Kershaw ឱ្យដឹងថា «អារម្មណ៍ដែលដឹងថា ខ្លួនកំពុងធ្វើអ្វីមួយដែលល្អគឺពិតជាអស្ចារ្យខ្លាំងណាស់។ វាមិនត្រឹមតែជារថយន្តនោះទេ…វាគឺជាដំណោះស្រាយ» សម្រាប់បញ្ហាខ្វះអគ្គិសនី។
Kershaw គឺជាមនុស្សម្នាក់ក្នុងចំណោមពលរដ្ឋ ៣៥០ នាក់នៅ អង់គ្លេស ដែលយកអគ្គិសនីពីរថយន្តដើម្បីប្រើប្រាស់ក្នុងផ្ទះ និងទីតាំងអាជីវកម្ម ចាប់តាំងពីឆ្នាំ ២០១៨។ នេះគឺជាផ្នែកមួយដែលទើបលេចធ្លោនៃពាណិជ្ជកម្មតម្លៃថាមពលខុសគ្នា ដែលត្រូវបានគេស្គាល់ថា V2G។
គំនិតច្នៃប្រឌិតនៅទីនេះនោះគឺ ការបញ្ចូលថាមពលអគ្គិសនីនៅពេលថាមពលកកើតឡើងវិញសល់ច្រើន ពិសេសនៅពេលថ្ងៃត្រង់ ហើយក្រោយមកបញ្ចេញអគ្គិសនីនេះត្រលប់មកវិញនៅពេលតម្រូវការប្រើប្រាស់អគ្គិសនីកើនឡើងខ្ពស់។ បច្ចេកវិទ្យា V2G អនុញ្ញាតឱ្យបណ្ដារថយន្តអគ្គិសនី បញ្ជូនថាមពលដែលវាបានទាញយកពីកម្ដៅថ្ងៃ ឬកម្លាំងខ្យល់ ចូលទៅក្នុងបណ្ដាញអគ្គិសនី។
បច្ចុប្បន្ន ក្រុមមនុស្សដែលប្រើប្រាស់ V2G របស់ អង់គ្លេស គ្រាន់តែជាផ្នែកមួយនៃការពិសោធ។ សកម្មភាពនេះក៏អាចធ្វើបានតែនៅលើរថយន្ត Nissan Leaf ប៉ុណ្ណោះ ហើយថ្លៃទិញឧបការណ៍បញ្ចូលថាមពលឆ្លាតវៃ គឺជាការឧបត្ថម្ភរបស់ រាជរដ្ឋាភិបាល។
ក៏ប៉ុន្តែ គេរំពឹងថា នៅពេលមានរថយន្តអគ្គិសនីច្រើនគ្រប់គ្រាន់ បច្ចេកវិទ្យា V2V នឹងអាចបង្កើតសមិត្ថផលល្អៗជាច្រើនសម្រាប់អាកាសធាតុ ជួយឱ្យហេដ្ឋារចនាសម្ព័ន្ធអាចប្រើប្រាស់ថាមពលកកើតឡើងវិញបានច្រើនជាងបច្ចុប្បន្ន និងជៀសវាងការប្រើប្រាស់ប្រេងរ៉ែ ឧស្ម័ន ឬធ្យូងថ្មជាដើម នៅក្នុងការផលិតអគ្គិសនី៕
ខាងក្រោមគឺជារូបភាពរបស់រថយន្តអគ្គិសនី Nissan Leaf ៖