ធនាគារពិភពលោក ជាស្ថាប័នសកលមួយដែលបានចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសនានាលើពិភពលោក ដោយក្នុងនោះកម្ពុជាក៏ជាប្រទេសមួយផងដែរដែលទទួលបានផលប្រយោជន៍សំខាន់ៗជាច្រើនពីស្ថាប័ននេះ។
យោងតាមការបង្ហាញរបស់ធនាគារពិភពលោក បានឱ្យដឹងថា កម្ពុជាបានទទួលឥណទានលើកដំបូងរបស់ខ្លួនពីធនាគារពិភពលោកនៅឆ្នាំ1993 ដែលជំនួយសំខាន់នេះត្រូវបានប្រើប្រាស់ក្នុងការស្តារឡើងវិញនូវស្ថាប័នសង្គមកិច្ច សេដ្ឋកិច្ច និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជារូបវ័ន្ត។
នៅក្នុងការផ្តល់ជំនួយទាំងអស់នោះធនាគារពិភពលោកបានរៀបចំយុទ្ធសាស្ត្រទំនាក់ទំនងប្រចាំប្រទេសរបស់ធនាគារពិភពលោក ដែលជាយុទ្ធសាស្ត្រមួយមានរយៈពេលពីរឆ្នាំដើម្បីគាំទ្រដល់កម្ពុជាក្នុងការទ្រទ្រង់កំណើនលើគ្រប់វិស័យ និងរឹងមាំសំដៅកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់វិបុលភាពរួម។
យុទ្ធសាស្ត្រដែលបានចែងក្នុងឯកសារយុទ្ធសាស្ត្រទំនាក់ទំនងនេះ គាំទ្រដល់ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ2014 – 2018 របស់កម្ពុជា និងមានគោលបំណងជួយកម្ពុជាកែលម្អបន្ថែមទៀតនូវបរិយាកាសធុរកិច្ចរបស់ខ្លួន ផ្គត់ផ្គង់ នូវសេវាសង្គមកិច្ចនិងហេដ្ឋរចនាសម្ព័ន្ធឱ្យបានល្អប្រសើរជាងមុន និងបង្កើតឱកាសសម្រាប់ប្រជាពលរដ្ឋទីទ័លក្រតាមរយៈការវិនិយោគលើអ្វីដែលអាចជំរុញការផលិត។
ជាផ្នែកមួយនៃការអនុវត្តយុទ្ធសាស្ត្រនេះ ក្រុមធនាគារពិភពលោកបានរៀបចំការវិនិច្ឆ័យស្ថានភាពប្រទេសដែលមានលក្ខណៈជាប្រព័ន្ធ(SCD) ដើម្បីជួយកំណត់រកឱ្យឃើញនូវឱកាស និងបញ្ហាប្រឈមនានា ព្រមទាំងផ្នែកអភិវឌ្ឍន៍ដែលជាអាទិភាពសម្រាប់ធានាឱ្យបាននូវកំណើនសេដ្ឋកិច្ចដែលរឹងមាំ។ យោងតាមការវិភាគនេះបានរកឃើញនូវយុទ្ធសាស្ត្រសំខាន់មួយចំនួន ដែលក្នុងនោះ ការកសាងធនធានមនុស្សត្រូវបានគេមើលឃើញថា ជាយុទ្ធសាស្ត្រសំខាន់មួយដែលត្រូវបានរៀបចំឡើងដើម្បីសម្រួលដល់ចល័តភាពសេដ្ឋកិច្ច និងវិបុលភាពរួមនៅក្នុងប្រទេស។
ការអភិវឌ្ឍធនធានមនុស្សនេះ ត្រូវបានគេមើលឃើញថា ជាផ្នែកយ៉ាងសំខាន់ដែលគាំទ្រដល់សកម្មភាពរបស់គ្រប់វិស័យនៅក្នុងសង្គម ទាំងវិស័យសាធារណៈ និងវិស័យឯកជន ព្រោះថាគ្រប់ស្ថាប័នទាំងអស់សុទ្ធតែត្រូវការមូលធនមនុស្សប្រកបដោយភាពច្នៃប្រឌិត និងសមត្ថភាពខ្ពស់ដើម្បីចូលរួមជំរុញឱ្យមានភាពរីកចម្រើន៕