រដ្ឋបាលរាជធានីភ្នំពេញ កំពុងតែត្រៀមទីតាំងសម្រាប់រៀបចំពិធីសម្ពោធបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីចំនួន ២ ទៀតក្នុងពេលឆាប់ៗមុខនេះ ដើម្បីសម្រួលចរាចរណ៍ នេះបើតាម លោកនួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ។
កាលពីថ្ងៃទី ១៩ សីហា នៅលើទំព័របណ្ដាញសង្គម លោកនួន ផារ័ត្ន បានសរសេរថា «ចូលរួមជាមួយ ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសត្រង់ចំណុចប្រសព្វ មហាវិថីសម្តេចតេជោ ហ៊ុន សែន, វិថីកងយោធពលខេមរភូមិន្ទ និងមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងភូមិសាស្ត្រខណ្ឌមានជ័យ និងខណ្ឌចំការមន»។
អភិបាលរងរាជធានីភ្នំពេញ លោក លោកនួន ផារ័ត្ន បានបន្តថា ក្រៅពីស្ពានអាកាសខាងលើ រដ្ឋបាលរាជធានីភ្នំពេញ ក៏នឹង «សាងសង់ស្ពានអាកាសនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្សី និងមហាវិថីសម្តេចចៅហ្វាវាំង» ផងដែរ។
លោកអភិបាលរងបញ្ជាក់ថា ពិធីសម្ពោធបើកការដ្ឋានសាងសង់ស្ពានអាកាសទាំងនេះ នឹងត្រូវរៀបចំក្នុងពេលឆាប់ៗខាងមុខ។