ទេសចរណ៍អវកាសប្រកបដោយសុវត្ថិភាព មិនបំភាយឧស្ម័នពុល ប៉ុន្តែនៅតែអាចគយគន់សម្រស់របស់ផែនដី និងអវកាសបាន គឺជាគោលដៅរបស់ក្រុមហ៊ុនអវកាសចរណ៍ធំៗលើពិភពលោក ក្នុងនោះក៏មាន Apace Perspective ផងដែរ។
ការប្រកួតប្រជែងក្នុងវិស័យទេសចរណ៍អវកាសកំពុងតែក្ដៅគគុកជាងពេលណាៗទាំងអស់។ ប៉ុន្តែ អ្វីដែលត្រូវបានគេរំពឹងថានឹងមានសក្ដានុពលខ្ពស់នាពេលដ៏ខ្លីខាងមុន នោះគឺសេវាទេសចរណ៍អវកាសតាមរយៈបាឡុងហោះដែលមិនបញ្ចេញឧស្ម័នពុល។
ក្រុមហ៊ុន Space Perspective នៅ Florida សហរដ្ឋអាម៉េរិក មានគម្រោងនាំអតិថិជនឡើងទៅកាន់កម្ពស់ជាង ៣០,០០០ ម៉ែត្រ តាមរយៈបាឡុងហោះ។ អតិថិជននឹងបានហោះហើរក្នុងទីអវកាសដោយជិះក្នុងបន្ទប់មួយដែលភ្ជាប់ពីខាងក្រោមបាឡុងហោះខ្នាតយក្ស បំពាក់បច្ចេកវិទ្យាទំនើប។ រូបភាពនានាដែលត្រូវបានប្រកាសកាលពីចុងខែកក្កដា បង្ហាញថា រចនារូបរាងថ្មីរបស់បន្ទប់ដែលមានឈ្មោះថា Space Neptune ទទួលបានវិញ្ញបនបត្រពីស្ថាប័នរដ្ឋរួចហើយ។
បន្ទប់ Space Neptune សម្រាប់ភ្ញៀវ ធំទូលាយជាង ធៀបនឹងកំណែមុន ជួយឱ្យអតិថិជនឈរត្រង់បានយ៉ាងស្រួលខ្លួន ក៏ដូចជាសមត្ថភាពនៃការស៊ូទ្រាំនឹងសម្ពាធមានកម្រិតខ្ពស់ជាងមុន។
Space Perspective សហការជាមួយ studio of My Imagination (OMI) ដែលមានទីស្នាក់ការកណ្ដាលនៅ ទីក្រុងឡុងដ៍ ដើម្បីរចនានូវរូបរាងរបស់បន្ទប់ Space Neptune ថ្មីនេះ។
ក្រុមហ៊ុន Space Perspective កំណត់ផែនការថា នៅចុងឆ្នាំ ២០២៤ នឹងចាប់ផ្ដើមនាំទេសចរ ៨ នាក់ ឡើងទៅគយគន់ផែនដី និងអវកាសពីចម្ងាយ ដោយប្រើប្រាស់ពេល ៦ ម៉ោង។ បាឡុងហោះនេះនឹងស្ថិតនៅលើស្រទាប់បរិយាកាស stratosphere របស់ផែនដី។
អតិថិជនដែលនឹងធ្វើដំណើរទេសចរណ៍ក្នុងកម្មវិធីបាឡុងហោះប្រើប្រាស់ឧស្ម័នអ៊ីដ្រូសែន របស់ Space Perspective នឹងមិនចាំបាច់ឆ្លងកាត់ការបណ្ដុះបណ្ដាលស៊ីជម្រៅដូចអ្នកអវកាសឡើយ។
តម្លៃសំបុត្រសម្រាប់មនុស្សម្នាក់គឺ ១២៥ ពាន់ដុល្លារអាម៉េរិក (ប្រហែល ៥១៤ លានរៀល)។ Space Perspective ឱ្យដឹងថា សំបុត្រចំនួនជាង ៩០០ ត្រូវបានលក់ឱ្យអតិថិជនរួចហើយ៕
>ទេសចរណ៍នាពេលអនាគត ៖ ជិតក្នុងបាឡុងហោះខ្នាតយក្សទស្សនាទិដ្ឋភាពភាពកោងរបស់ផែនដីពីលើមេឃ