តម្លៃមាសកាលពីម្សិលមិញ បានបន្តដាំក្បាលចុះ ធ្វើឱ្យរយៈពេលនៃការធ្លាក់ថ្លៃរបស់វា អូសបន្លាយដល់ ៥ ថ្ងៃជាប់ៗគ្នា ដែលនេះគឺជាការធ្លាក់ថ្លៃយូរជាងគេ រាប់ចាប់ពីខែវិច្ឆិកា ២០២១។
បញ្ចប់ការជួញដូរកាលពីថ្ងៃសុក្រ តម្លៃមាសប្រគល់ភ្លាម ធ្លាក់ថ្លៃ ០.៦% ចុះមកនៅត្រឹម ១,៧៤៨.៥៨ ដុល្លារ/អោន (១ អោន (ounce) ស្មើនឹង ៨.២៩៤២៦ ជី) ដែលជាតម្លៃទាបបំផុតរាប់ចាប់ពីថ្ងៃទី ២៨ កក្កដា។ មាសប្រគល់ក្នុងកាលកំណត់ បាត់បង់តម្លៃអស់ ០.៥% មកនៅត្រឹម ១,៧៦២.៩ ដុល្លារ/អោន។
ក្រោយពីបានឡើងថ្លៃក្នុង ៤ សប្ដាហ៍កន្លង តម្លៃមាសបានថយចុះ ២.៩% ក្នុងសប្ដាហ៍នេះ ដែលនេះក៏ជាសប្ដាហ៍ដែលមាសធ្លាក់ថ្លៃខ្លាំងបំផុត រាប់ចាប់តាំងពីសប្ដាហ៍ដែលបញ្ចប់នៅថ្ងៃទី ០៨ កក្កដា ២០២២។
ក្រុមអ្នកវិភាគទីផ្សារបានឱ្យដឹងថា កត្តាដែលនាំឱ្យមាសធ្លាក់ថ្លៃគឺការងើបឡើងនៃតម្លៃប្រាក់ដុល្លារអាម៉េរិក និងការដែល រតនាគារជាតិអាម៉េរិក ត្រូវការដំឡើងការប្រាក់ដើម្បីទប់ទល់នឹងអតិផរណា។