នៅលើខឿនសេដ្ឋកិច្ចឌីជីថលអ៊ីនធើណិត ទិន្នន័យធំ (Big Data) មានសក្ដានុពលយ៉ាងធំសម្បើម ជួយជំរុញល្បឿននៃការងើបឡើងរបស់សេដ្ឋកិច្ចនៅ អាស៊ីអាគ្នេយ៍ ក្រោយសម័យកូវីដ-១៩ ដោយផលប្រយោជន៍ក្នុងវិស័យសុខាភិបាលសាធារណៈ សុខុមាលភាពសង្គម និងអប់រំ សម្រេចបានតម្លៃជាង ១០០ ពាន់លានដុល្លារអាម៉េរិក។
យោងតាមរបាយការណ៍ថ្មីរបស់ ធនាគារអភិវឌ្ឍអាស៊ី (ADB) ដែលមានប្រធានបទ ទាញយកសក្ដានុពលរបស់ Big Data នៅ អាស៊ីអាគ្នេយ៍ ក្រោយកូវីដ-១៩ Big Data អាចកែលម្អការផ្គត់ផ្គង់សេវាកម្មរបស់រដ្ឋាភិបាល និងជំរុញល្បឿននៃការងើបឡើងរបស់សេដ្ឋកិច្ច ក្រោយវិបត្តិកូវីដ-១៩។
របាយការណ៍ថ្មីរបស់ ADB បង្ហាញថា បណ្ដាប្រព័ន្ធតាមដានពីចម្ងាយអាចជួយសន្សំសំច័យបាន ៩.៤ ពាន់លានដុល្លារ សម្រាប់បណ្ដាញសុខាភិបាលនៅ អាស៊ីអាគ្នេយ៍ ក្នុងឆ្នាំ ២០៣០ ដោយសារតែការថយចុះនៃចំនួនប្រជាពលរដ្ឋដែលមកកាន់មន្ទីរពេទ្យ ពេលវេលានៃការសម្រាកព្យាបាលនៅមន្ទីរពេទ្យខ្លីជាងមុន និងការថយចុះនៃលិខិតស្នាមនៅមន្ទីរពេទ្យ។
ចំណែកឯការប្រើប្រាស់ទិន្នន័យវិភាគដើម្បីកំណត់គោលដៅសម្រាប់អន្តរាគមន៍ផ្នែកសុខាភិបាលដែលផ្ដោតសំខាន់ទៅលើក្រុមប្រជាពលរដ្ឋងាយរងគ្រោះ ក៏អាចនាំឱ្យកើនឡើងប្រហែល ១៥.៥ ពាន់លានដុល្លារ នៅក្នុងផលិតផលក្នុងស្រុកសរុប (GDP) របស់តំបន់ អាស៊ីអាគ្នេយ៍ នៅឆ្នាំ ២០៣០។
របាយការណ៍ខាងលើបញ្ជាក់ថា ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីផ្គត់ផ្គង់សេវាកម្មអប់រំ ការធ្វើការពីចម្ងាយ និងលក្ខណៈឯកជន អាចរួមចំណែកប្រមាណ ៧៧.១ ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ទៅក្នុង GDP របស់បណ្ដាប្រទេសនៅ តំបន់អាស៊ីអាគ្នេយ៍ នៅឆ្នាំ ២០៣០ ផងដែរ។
បច្ចេកវិទ្យាឌីជីថល កំពុងតែផ្លាស់ប្ដូរសេដ្ឋកិច្ចពិភពលោក។ របាយការណ៍របស់ ADB បានបង្ហាញថា គិតតែក្នុង តំបន់អាស៊ីអាគ្នេយ៍ ទំហំរបស់សេដ្ឋកិច្ចអ៊ីនធើណិត អាចកើនជា ៣ ដង ធៀបនឹងឆ្នាំ ២០១៩ ដោយអាចនឹងឡើងដល់ ៣០០ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២៥៕