អាជ្ញាធរវៀតណាម ស្នើ កម្ពុជា ជួយសហការ ស៊ើបអង្កេតរកមូលហេតុដែលនាំឱ្យ ជនជាតិវៀតណាម ៤២ នាក់ រត់គេចពីកាស៊ីណូ នៅក្នុង ខេត្តកណ្ដាល និងស្វែងរកអ្នកដែលបានបាត់ខ្លួន នេះបើតាមសារព័ត៌មានវៀតណាម VNexpress ស្រង់ព័ត៌មានពី ក្រសួងការបរទេសវៀតណាម ចេញផ្សាយនាព្រឹកថ្ងៃទី ២០ សីហា។
វៀតណាម បានទាក់ទងទៅកាន់ អាជ្ញាធរកម្ពុជា ដើម្បីបញ្ជាក់អំពីព័ត៌មាននេះ និងស្នើឱ្យត្រួតពិនិត្យទីតាំងមួយនៅក្នុង ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសវៀតណាម Le Thi Thu Hang និយាយអំពីព័ត៌មានស្ដីពីពលករវៀតណាម ៤២ នាក់ ដែលបានរត់គេចខ្លួនពីកាស៊ីណូ នៅ កម្ពុជា។
លោកស្រី Hang ឱ្យដឹងថា វៀតណាម បានស្នើឱ្យ កម្ពុជា ជួយតាមរកអ្នកដែលកំពុងបាត់ខ្លួន និងស៊ើបអង្កេតរកមូលហេតុនៃហេតុការណ៍នេះ។ អ្នកនាំពាក្យរូបនេះក៏បានព្រមានអំពីស្ថានភាព ជនជាតិវៀតណាម ត្រូវគេមេខ្យល់បោកមកធ្វើការដោយខុសច្បាប់នៅ កម្ពុជា ក្នុងរយៈពេលកន្លង។ លោកស្រី Hang បញ្ជាក់ថា ជនជាតិវៀតណាម ជាង ៥០០ នាក់ ត្រូវបានជួយសង្គ្រោះ និងនាំត្រលប់ទៅកាន់ប្រទេសដោយសុវត្ថិភាព និងរាប់ពាន់នាក់ទទួលបានជំនួយក្នុងការធ្វើលិខិតស្នាម។
ការិយាល័យការពារព្រំដែន Long Binh ខេត្ត An Giang របស់ វៀតណាម កាលពីថ្ងៃទី ១៨ សីហា បានចាប់ខ្លួនមនុស្ស ៤០ នាក់ រួមមានស្ត្រី ៥ នាក់ និងបុរស ៣៥ នាក់ ព្រោះតែឆ្លងដែនចូលទឹកដីរបស់ វៀតណាម ដោយខុសច្បាប់។ អ្នកដែលត្រូវបានចាប់ខ្លួននេះបានឱ្យដឹងថា មនុស្ស ៤២ នាក់ បានរត់គេចខ្លួនពីកាស៊ីណូ នៅក្នុង ខេត្តកណ្ដាល និងហែលឆ្លងទន្លេ Binh Di ត្រលប់ទៅប្រទេស។ ប៉ុន្តែ ម្នាក់ត្រូវទឹកគួចបាត់ខ្លួន និងម្នាក់ត្រូវបានខាងកាស៊ីណូចាប់ត្រលប់មកវិញ។
ជនជាតិវៀតណាម ខាងលើ បានសារភាពថា មុននោះពួកគេបានចូលទឹកដីរបស់ កម្ពុជា ដោយខុសច្បាប់ ដើម្បីទៅធ្វើការក្នុងកាស៊ីណូមួយចំនួន។ ដោយសារតែត្រូវធ្វើការលើសពីការកំណត់របស់ច្បាប់ មិនបានសម្រាកគ្រប់គ្រាន់ និងមិនទទួលបានប្រាក់ខែ ពួកគេក៏នាំគ្នារកវិធីឆ្លងដែនត្រលប់ទៅ វៀតណាម វិញ។
សារព័ត៌មាន VNexpress បានឱ្យដឹងថា ថ្មីៗនេះ ជនជាតិវៀតណាម ជាច្រើន ត្រូវបានមេខ្យល់បោកយកមក កម្ពុជា ហើយលក់ទៅឱ្យបនល្បែងមួយចំនួន ឬក្រុមជួញដូរប្រាក់ឌីជីថលគ្រីបតូ និងត្រូវរំលោភបំពានកម្លាំងពលកម្ម។ បើសិនជាចង់ត្រលប់ទៅប្រទេសវិញ ពួកគេត្រូវតែបង់ប្រាក់ចាប់ពី ៣,០០០ ដល់ ៣០,០០០ ដុល្លារអាម៉េរិក។
ក្រសួងសន្តិសុខសាធារណៈវៀតណាម បានចោទថា បនល្បែងដែលរំលោភកម្លាំងពលកម្ម រឹបអូសទ្រព្យសម្បត្តិបុគ្គល ភាគច្រើនស្ថិតនៅក្នុង ក្រុងបាវិត ខេត្តស្វាយរៀង, ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ, ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, ជ្រៃធំ ខេត្តកណ្ដាល និង ភ្នំពេញ។ ក្នុងរយៈពេល ៦ ខែដើមឆ្នាំនេះ ប៉ូលិសវៀតណាម សហការជាមួយសមត្ថកិច្ចរបស់ កម្ពុជា រំដោះជនរងគ្រោះបានជាង ២៥០ ករណី ដែលត្រូវបានជនខិលខូចបោកមកធ្វើការនៅ កម្ពុជា ដោយខុសច្បាប់៕