បណ្ដាសហគ្រិនវិស័យទេសចរណ៍នៅ ប្រទេសជប៉ុន កំពុងពិភាក្សាគ្នាអំពីការផ្ដល់សេវាកម្មទេសចរណ៍ដែលអនុញ្ញាតឱ្យអតិថិជនដើរកម្សាន្តតាមតំបន់ប្រវត្តិសាស្ត្រ ធម្មជាតិ និងវប្បធម៌គ្រប់ទិសទីនៅក្នុង ប្រទេសជប៉ុន តាមរយៈយន្តហោះឯកជន។
ក្រុមហ៊ុនអាកាសចរណ៍ធំជាងគេរបស់ ជប៉ុន ANA Holdings Inc. និងក្រុមហ៊ុនជាច្រើនទៀត កំពុងតែពិនិត្យមើលលទ្ធភាពក្នុងការផ្ដល់សេវាកម្មទេសចរណ៍លំដាប់ប្រណិតសម្រាប់ភ្ញៀវអ្នកមានពីបរទេសដែលមានលទ្ធភាពចំណាយប្រាក់ច្រើននៅ ជប៉ុន។
កញ្ចប់សេវាកម្មទេសចរណ៍ខាងលើនេះ នឹងអនុញ្ញាតឱ្យភ្ញៀវដើរទេសចរណ៍ពាសពេញផ្ទៃប្រទេសជប៉ុន ក្នុងរយៈពេលជាង ១ សប្ដាហ៍ តាមរយៈយន្តហោះឯកជន ក្នុងនោះ តំបន់ប្រវត្តិសាស្ត្រ តំបន់ទេសចរណ៍ធម្មជាតិ និងវប្បធម៌ គឺជាគោលដៅសំខាន់។
ផែនការនេះ កំពុងត្រូវបានពិភាក្សារួមគ្នាដោយ Nippon Travel Agency ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ANA Holdings, ក្រុមហ៊ុនលក់ឧបករណ៍ក្រៅផ្ទះ Snow Peak, រដ្ឋបាលទីក្រុង Tajimi នៅខេត្ត Gifu និង ក្រុមប្រឹក្សាទេសចរណ៍ និងស្ដារតំបន់ក្នុងប្រទេស។
ដំណើរទេសចរណ៍លក្ខណៈសាកល្បងមួយចំនួន ត្រូវបានបើកដំណើរការតាំងពីខែមេសា ២០២២។ ស្ថាប័នពាក់ព័ន្ធមានគម្រោងជ្រើសរើសតំបន់ទេសចរណ៍ល្បីៗប្រមាណជា ១០ នៅទូទាំងប្រទេសជប៉ុន សម្រាប់សេវាកម្មរបស់ពួកគេនៅចុងឆ្នាំនេះ ហើយនឹងផ្ដល់សេវាកម្មទេសចរណ៍ជាផ្លូវការនៅដើមឆ្នាំក្រោយ។
អតិថិជនគោលដៅរបស់បណ្ដាក្រុមហ៊ុនខាងលើគឺក្រុមមនុស្សដែលមានទ្រព្យយ៉ាងតិច ៥០ លានដុល្លារអាម៉េរិក។ តាមការគណនា អតិថិជនប្រភេទនេះមានប្រហែល ២១០,០០០ នាក់ នៅលើពិភពលោក។
សំបុត្រសម្រាប់ដំណើរទេសចរណ៍ថ្នាក់ប្រណិតនេះនឹងមានតម្លៃប្រមាណ ៥ លានយេន (៣៦,០០០ ដុល្លារអាម៉េរិក) ក្នុង ១ សំបុត្រ៕