តម្លៃមុខទំនិញជាច្រើនមុខឡើងថ្លៃជាបន្តបន្ទាប់ ធ្វើឱ្យអតិផរណានៅ ជប៉ុន បន្តកើនឡើង ប៉ុន្តែ ធនាគារជាតិជប៉ុន (BoJ) អាចនឹងបន្តរក្សាការបន្ធូរបន្ថយគោលនយោបាយហិរញ្ញវត្ថុ ក្នុងបំណងជួយជំរុញល្បឿននៃការងើបឡើងរបស់សេដ្ឋកិច្ចប្រទេសនេះ។
នាថ្ងៃទី ១៩ សីហានេះ ក្រសួងមហាផ្ទៃ និងទូរគមនាគមន៍ជប៉ុន (MIC) បានឱ្យដឹងថា ក្នុងខែកក្កដា ២០២២ សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ (CPI) មូលដ្ឋានរបស់ប្រទេសនេះ កើន ២.៤% ធៀបនឹងខែកក្កដា ២០២១, កើន ០.២ ពន្ទុ ធៀបនឹងខែកន្លង និងខ្ពស់បំផុតក្នុងអំឡុងពេលពីខែធ្នូ ២០១៤ ដល់បច្ចុប្បន្ន។ នេះគឺជាខែទី ៤ ហើយដែលសន្ទស្សន៍ CPI ឡើងខ្ពស់ជាងគោលដៅ ២% របស់ ធនាគារជាតិជប៉ុន។
យោងតាមក្រុមអ្នកវិភាគ មូលហេតុសំខាន់ដែលនាំឱ្យអតិផរណានៅ ជប៉ុន បន្តកើនឡើង នោះគឺតម្លៃឥន្ធនៈ និងវត្ថុធាតុដើមនៅតែមានកម្រិតខ្ពស់ បណ្ដាលឱ្យទំនិញជាច្រើនមុខត្រូវឡើងថ្លៃតាម ក្នុងគ្រាដែលប្រាក់យេនរបស់ ជប៉ុន ក៏ធ្លាក់ថ្លៃ ធៀបនឹងប្រាក់ដុល្លាររបស់ អាម៉េរិក ធ្វើឱ្យទំនិញនាំចូល ក៏ប្រែទៅជាឡើងថ្លៃកាន់តែខ្ពស់។
បញ្ហាទាំងឡាយខាងលើនេះ កំពុងរុញច្រានការចំណាយក្នុងគ្រួសារនៅ ជប៉ុន កើនឡើងខ្ពស់ គ្រាដែលល្បឿននៃការដំឡើងប្រាក់ខែនៅតែយឺតយ៉ាវ។ ស្ថានភាពនេះអាចជះឥទ្ធិពលអាក្រក់ដល់ល្បឿននៃការងើបឡើងនៃសេដ្ឋកិច្ចរបស់ ជប៉ុន ក្រោយយុគសម័យវិបត្តិកូវីដ-១៩៕