Skip to content

ដឹង​ហើយ​គួរឱ្យ​ព្រឺ​សម្បុរ! ជុំវិញ​ការប្រើប្រាស់​ផលិតផល​គ្រឿងសម្អាង​ក្លែងក្លាយ

ភ្នំពេញ មួយរយៈ​ចុងក្រោយ​នេះ ការចុះ​បង្ក្រាប​ផលិតផល​គ្រឿងសម្អាង​ក្លែងក្លាយ​កាន់តែ​មាន​ភាព​សកម្ម រហូតដល់​មានការ​ឈានទៅ​ចាប់ខ្លួន​អ្នក​លាយ​ឡេ​លក់​តាម​អន​ឡាញ​នៅ​ខេត្ដ​កណ្ដាល​ទៀតផង តែ​ក៏មាន​ការរិះគន់​ពី​សាធារណជន​មួយចំនួន​ផងដែរ​ថា គ្រាន់តែ​គេ​លាប​ឡេ​ឱ្យ​ស្អាត​សោះ​ក៏​ទៅ​ឆាឆៅ​គេ​ដែរ  តែ​ទោះយ៉ាងណា​អាជ្ញាធរ​បាន​អះអាងថា ចំណាត់ការ​នេះ​ធ្វើឡើង​គឺ ដើម្បី​រក្សា និង​ការពារ​ដល់​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​តែប៉ុណ្ណោះ។

ដើម្បី​ជា​ចំណេះដឹង ឥឡូវ​យើង​នាំគ្នា​មក​មើលថា តើ​ផលប៉ះពាល់​នៃ​ការប្រើប្រាស់​គ្រឿងសម្អាង និង​ឡេ​បង្កើន​សម្រស់​ក្លែងក្លាយ​ទាំងនោះ​នឹង​ជះឥទ្ធិពល​អាក្រក់​អ្វីខ្លះ​ដល់​រាងកាយ និង​សុខភាព​អ្នកប្រើប្រាស់?

ឯកឧត្ដម មា​ជ សុ​ផា​ណា អនុរដ្ឋលេខាធិការ​នៃ​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា៖ «ការប្រើប្រាស់​គ្រឿងសម្អាង និង​ឡេ​ក្លែងក្លាយ​នឹងមាន​ផលប៉ះពាល់​រយៈពេល​ខ្លី និង​រយៈពេល​វែង។ រយៈពេល​ខ្លី គឺ​វា​អាចធ្វើឱ្យ​អ្នកប្រើប្រាស់​កើត​អាលែកហ្ស៊ី​នៅលើ​ស្បែក ព្រោះ​នៅពេលដែល​ស្បែក​យើង​ត្រូវបាន​ផលិតផល​មួយ​ទៅ​ប៉ះ ឬ​គ្របដណ្ដប់​ពីលើ​រន្ធ​ញើស គឺ​វា​មានន័យ​សើ្ម​នឹង​យើង​យក​វា​ទៅ​ដាក់ចូល​ក្នុង​មាត់​អ៊ីចឹង​ដែរ វា​បណ្ដាលឱ្យមាន​ជាតិគីមី​ខ្លះ​អាច​ជ្រាបចូល​ទៅក្នុង​បេះដូងភ្លាមៗ ដែល​វា​នឹង​ទៅ​បញ្ចេញ​ប្រតិកម្ម​នៅក្នុង​រាងកាយ បណ្ដាលឱ្យ​អ្នកប្រើប្រាស់​មាន​អាកា​រហេវ​ហត់ ទន់​ខ្សាយ។  ឯ​ក្នុង​រយៈពេល​វែង​វិញ វា​អាច​ជ្រាបចូល​បន្ដិចម្ដងៗទៅក្នុង​រាងកាយ​អ្នកប្រើប្រាស់ ដែល​វា​នឹង​ទៅ​បំផ្លាញ​អវយវៈ​ខាងក្នុង ដែលមាន​ដូចជា ក្រលៀន លំពែង  ថ្លើម សួត ជាដើម តាមរយៈ​ការធ្វើឱ្យ​ចុះខ្សោយ​ដល់​ការ​ដំណើរការ​នៃ​អវយវៈ​ទាំងអស់នោះ ដែល​ក្រោយមក​វា​បណ្តាលឱ្យមាន​គ្រោះថ្នាក់​ដល់​ជីវិត និង​បង្ក​ទៅជា​ជំងឺមហារីក​ផងដែរ​ក៏មាន»។

អនុរដ្ឋលេខាធិការ​នៃ​ក្រសួងមហាផ្ទៃ​បាន​បន្ដថា «កន្លងមក​មានការ​យ​ល់​ច្រឡំ​ពី​មហាជន​មួយចំនួន​ដែល​បាន​លើកឡើងថា គ្រាន់តែ​គេ​លាប​ឡេ​សោះ​ក៏​ទៅ​ចាប់​គេ​ដែរ? បញ្ហា​នេះ​យើង​មិនអាច​បន្ទោស​ប្រជាពលរដ្ឋ​បានទេ ដូច្នេះ​យើង​ត្រូវតែ​អប់រំ​ពន្យល់​ណែនាំ​ប្រជាពលរដ្ឋ​ទាំងនោះ​ឱ្យ​បានដឹង​ជាមុនសិន​ថា ផលិត​ក្លែងក្លាយ​ទាំងនោះ​មិនមែនជា​ឡេ​បរិសុទ្ធ​ទេ គឺជា​ថ្នាំ​គីមី ជា​ល្បាយ​គីមី​ដែល​គេ​លាយ​ផ្សំ។ យើង​ក៏​គួរតែ​គិត​មើលថា ថ្នាំ​សម្រាប់​លាប​ត្រឹមត្រូវ(ផលិតឡើង​តាម​បទដ្ឋាន​វេជ្ជសាស្ដ្រ) ទម្រាំ​តែ​បាន​ស្បែ​កស គេ​ប្រើពេល​រាប់​ឆ្នាំ​ឯណោះ គេ​ត្រូវ​លាប​បន្ដិចម្ដងៗ កាលណា​លាប​ភ្លាម​ស​ភ្លែត លាប​មួយអាទិត្យ​ស​ភា្ល​ម គឺមាន​តែ​ទឹក​ក្បុង និង​អាស៊ីត​យកទៅដាក់​ដូច​អ្វីដែល​គេ​យកទៅ​លាង​ពោះគោ​ឱ្យ​ស​ដូចគ្នា។ ដូច្នេះ​យើង​មិនអាច​បើកភ្នែក​ធ្វើ​ព្រងើយកន្ដើយ​ឱ្យ​ប្រជាពលរដ្ឋ​រងគ្រោះថ្នាក់​បាន​ទេ»។

ទោះយ៉ាងណា ឯកឧត្ដម បាន​បញ្ជាក់ថា ប្រ​តិ្ដ​ប​ត្ដិ​ការនីមួយៗមានការ​លំបាក និង​ជួប​ឧបសគ្គ​ច្រើន ព្រោះ​យើង​ត្រូវ​ប្រមូល​ព័ត៌មាន​ឱ្យបាន​ច្បាស់លាស់​តាមរយៈ​អ្នកផ្ដល់​ព័ត៌មាន និង​សាធារណជន ព្រមទាំង​មាន​បណ្ដាញ​ផ្ដល់​ព័ត​មាន​តាម​ហ្វេ​ស​ប៊ុ​ក និង​គេហទំព័រ​ជាដើម។ ក្រោយមក​យើង​ត្រូវ​ស៊ើប​ឱ្យបាន​ព័ត៌មាន​ច្បាស់លាស់​អំពី​ប្រភពដើម​នៃ​ការផលិត​ផលិតផល​ថា តើ​មាន​គ្រោះថ្នាក់ និង​ហានិភ័យ​ចំពោះ​សុខភាព​ប្រជាជន​ដែរឬទេ ឬ​ធ្ងន់ធ្ងរ​យ៉ាងណាខ្លះ?។ មុនពេល​ប្រតិ​ប​ត្ដិ​ការ​ក្នុងការ​បង្ក្រាប​យើង​ត្រូវ​សម្របសម្រួល​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ។ ម្យ៉ាងទៀត ផលិតផល​មានការ​នាំចូល​ច្រើន​មុខ ដូច្នេះ​ការកំណត់​អត្ដ​សញ្ញាណ​ផលិតផល​គឺជា​បញ្ហា​ចម្បង យើង​ដឹង​ពី​ហានិភ័យ និង​គ្រោះថ្នាក់​នៃ​ការប្រើ​ផលិតផល​នោះ​ហើយ ដូច្នេះ​យើង​ត្រូវយក​ផលិតផល​ទៅ​ពិសោធ​ក្នុង​មន្ទីរ​ពិសោធ​ជាតិ  និង​ផ្ញើ​សំណាក​ទៅ​មន្ទីរ​ពិសោធ​អន្ដរជាតិ​ផងដែរ ដែល​ទាមទារ​ឱ្យ​យើង​ត្រូវ​ប្រើ​ពេលវេលា​យូរ និង​ធ្វើការ​យ៉ាង​ហ្មត់ចត់។

ឯកឧត្ដម មា​ជ សុ​ផា​ណា បញ្ជាក់ថា ពិសេស​នៅពេល​ធ្វើ​ប្រតិ​ប​ត្ដិ​ការ​ក៏ត្រូវ​មានការ​ប្រុងប្រយ័ត្ន និង​ធ្វើឡើង​ដោយ​ហ្មត់ចត់​បំផុត ពោល​ទាំង​លក្ខណៈ​បច្ចេកទេស និង​លក្ខណៈ​ច្បាប់​ត្រូវមាន​ការធានា​ឱ្យ​ពិតប្រាកដ​ដើម្បីឱ្យ​ប្រតិ​ប​ត្ដិ​ការ​ទាំងមូល​ត្រឹមត្រូវ និង​ចប់​ចុង​ចប់​ដើម។ ពេលធ្វើ​ប្រតិ​ប​ត្ដិ​ការ គឺ​ត្រូវ​ធានា​ឱ្យបាន​គោលការណ៍​បច្ចេកទេស ផ្លូវច្បាប់ ហើយ​ថ្លឹងថ្លែង​ពិចារណា​អំពី​ជីវភាព​របស់​ប្រជាពលរដ្ឋ​យើង​ផងដែរ។

គួរ​បញ្ជាក់ថា គ្រឿងសម្អាង​ក្លែងក្លាយ​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់ ប្រមាណ​ជា​ជិត100 តោន គិត​ជា​ទឹកប្រាក់​ប្រមាណ​ជា​ជិត 6លាន​ដុល្លារ​អាមេរិក​នោះ ត្រូវបាន​អាជ្ញាធរ​កម្ទេចចោល​ដើម្បី​ចៀសវាង​កុំឱ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ដែលជា​អ្នកប្រើប្រាស់ និង​ខាតបង់​ចំណូល​ពន្ធ​ជូន​រដ្ឋ។

ជាមួយគ្នានេះ ឯកឧត្ដម​បាន​បង្ហើប​ថា៖ «ដោយ​មើលឃើញ​លើ​បញ្ហា​ទាំងនេះ​គណៈកម្មការ​នឹង​រក​ពេល​ដើម្បី​បង្កើត​កម្មវិធី​មួយ​អញ្ជើញ​គ្រូពេទ្យ​ឯកទេស​ជំនាញ​ដើម្បី​ធ្វើ​បទ​សម្ភាស​ជុំវិញ​បញ្ហា​នេះ ហើយក៏​នឹង​អញ្ជើញ​អ្នកសារព័ត៌មាន​ចូលរួម​ដើម្បី​ជួយ​ផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ​បាន​យល់ដឹង​លើ​បញ្ហា​នេះ​ផងដែរ»៕

Leave a Reply

Your email address will not be published. Required fields are marked *