ខ្សែរថភ្លើងថ្មីធ្វើដំណើរឆ្លងកាត់ ៣ ប្រទេស ឬហៅថា ASEAN Express ដែលតភ្ជាប់រវាង ម៉ាឡេស៊ី-ថៃ-ឡាវ គ្រោងនឹងផ្ដើមដំណើរការជាផ្លូវការចាប់ពីខែតុលា ២០២២។
កាលពីសប្ដាហ៍កន្លង Keretapi Tanah Melayu Berhad ដែលជាក្រុមហ៊ុនដឹកជញ្ជូនផ្លូវដែកខាងលើ បានដំណើរការសាកល្បងរថភ្លើងដឹកទំនិញ ASEAN Express និងកំពុងត្រៀមសម្រាប់ដំណើរការលក្ខណៈពាណិជ្ជកម្មជាផ្លូវការ។
យោងតាម Laotian Times ដើម្បីទៅដល់ ប្រទេសឡាវ រថភ្លើងពី ម៉ាឡេស៊ី ត្រូវធ្វើដំណើរ ៧២ ម៉ោង ដោយឆ្លងកាត់ចម្ងាយផ្លូវ ២,២០៦ គីឡូម៉ែត្រ ក្នុងនោះមានឆ្លងកាត់ចំណតនានានៅ ប្រទេសថៃ ផងដែរ។
តាមរយៈចំណតរថភ្លើងនៅ រដ្ឋធានីវៀងចន្ទន៍ ផ្លូវដែករបស់ ម៉ាឡេស៊ី ក៏នឹងតភ្ជាប់ជាមួយបណ្ដាខេត្តក្រុងរបស់ ប្រទេសចិន រួមមាន ខេត្ត Kunming, Chengdu និងខេត្ត Chongqing។
ក្រុមហ៊ុន Keretapi Tanah Melayu Berhad បានបញ្ជាក់ថា គម្រោងរថភ្លើងល្បឿនលឿនក្នុងតំបន់ អាស៊ាន នេះ ត្រូវបានបង្កើតឡើងក្រោមយុទ្ធសាស្ត្រពង្រីកទីផ្សារអន្តរជាតិរបស់ក្រុមហ៊ុន និងជំរុញផែនការកសាងផ្លូវដែកតភ្ជាប់តំបន់ដែលចាប់ផ្ដើមពីទីក្រុង Kunming ខេត្ត Yunnan របស់ ចិន ជាមួយនឹង ឡាវ, ថៃ, ម៉ាឡេស៊ី និង សិង្ហបុរី។
សារព័ត៌មាន Laotian Times ឱ្យដឹងថា ចុងខែសីហានេះ ក្រុមមន្ត្រីថៃ គ្រោងនឹងធ្វើទស្សនកិច្ចនៅ ប្រទេសឡាវ ដើម្បីពិភាក្សាអំពីការស្ថាបនាផ្លូវដែកដែលតភ្ជាប់ ប្រទេសថៃ ទៅនឹង ផ្លូវដែកឡាវ-ចិន៕