(ឥណ្ឌូណេស៊ី)- PT. Swap Energi Indonesia បានសហការជាមួយ BP AKR Fuels Retail ក្នុងការផ្គត់ផ្គង់ស្ថានីយប្ដូរថ្មផ្ទុកអគ្គិសនី (SWAPPoin) សម្រាប់ម៉ូតូអគ្គិសនីនៅតាមបណ្ដាស្ថានីយសេវាកម្មរបស់ BP។
ចាប់ផ្ដើមពី BP Metland Cybercity Creenlake អ្នកប្រើប្រាស់ម៉ូតូអគ្គិសនីអាចទទួលយកសេវាកម្មប្ដូរថ្មអគ្គិសនីបានយ៉ាងងាយស្រួល។ កិច្ចសហការរវាង PT. Swap Energi Indonesia និង BP AKR Fuels Retail ត្រូវបានធ្វើឡើងក្នុងបំណងផ្ដល់ដំណោះស្រាយល្អសម្រាប់អ្នកប្រើប្រាស់ម៉ូតូអគ្គិសនី ក៏ដូចជាជួយគាំទ្រដល់ការអភិវឌ្ឍបណ្ដាញយានយន្តអគ្គិសនីនៅ ឥណ្ឌូណេស៊ី។
លោក Irwan Tjahaja ស្ថាបនិករបស់ PT SWAP Energi Indonesia បានឱ្យដឹងថា អ្នកប្រើប្រាស់ម៉ូតូអគ្គិសនីនឹងត្រូវចំណាយពេលតែ ៩ វិនាទីប៉ុណ្ណោះ នៅក្នុងការប្ដូរថ្មផ្ទុកអគ្គិសនី នៅតាមស្ថានីយរបស់ BP AKR។
បច្ចុប្បន្ន SWAP Energi Indonesia កំពុងសហការជាមួយ SMOOT Motor Indonesia ក្នុងការអភិវឌ្ឍម៉ូតូអគ្គិសនីឆ្លាតវៃ ដែលមានបំពាក់ប្រព័ន្ធថ្មផ្ទុកអគ្គិសនី និងកម្មវិធីទូរស័ព្ទរបស់ SWAP ក្នុងនោះ អ្នកប្រើប្រាស់អាចមើលឃើញស្ថានីយប្ដូរថ្មទាំងឡាយរបស់ក្រុមហ៊ុនទាំងពីរនេះ។
ប្រការដែលអស្ចារ្យនោះគឺថា អ្នកប្រើប្រាស់ម៉ូតូអគ្គិសនី SMOOT អាចប្ដូរថ្មផ្ទុកអគ្គិសនីដោយមិនត្រូវបង់ថ្លៃនៅតាមស្ថានីយរបស់ SWAP និងមិនបាច់ព្រួយបារម្ភអំពីស្ថានភាពថ្ម ព្រោះត្រូវបានធានាជារៀងរហូត៕