រដ្ឋាភិបាលឥណ្ឌា មានគោលដៅជំរុញការពង្រីកផ្លូវល្បឿនលឿនមកកាន់ កម្ពុជា ឡាវ និង វៀតណាម ដើម្បីបង្កើនការដោះដូរពាណិជ្ជកម្មជាមួយសមាជិកអាស៊ាន។
ឥណ្ឌា កំពុងតែជំរុញការស្ថាបនា និងពង្រីកកំណាត់ផ្លូវល្បឿនលឿន ឥណ្ឌា-មីយ៉ានម៉ា-ថៃ ដើម្បីកែលម្អការតភ្ជាប់ក្នុងតំបន់។ នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានស្នើឱ្យមានការពង្រីកផ្លូវល្បឿនលឿននេះ មកកាន់ កម្ពុជា ឡាវ និង វៀតណាម បន្ថែមទៀត ដើម្បីផ្ដល់ភាពងាយស្រួលដល់ការដោះដូរពាណិជ្ជកម្ម រវាង ឥណ្ឌា និងបណ្ដាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍។
ផ្លូវល្បឿនលឿនអន្តរជាតិដែលចាប់ផ្ដើមពី ប្រទេសឥណ្ឌា មកកាន់តំបន់អាស៊ាន បច្ចុប្បន្ន ត្រូវបានភ្ជាប់ជាមួយ ប្រទេសមីយ៉ានម៉ា និង ប្រទេសថៃ ដោយមានប្រវែងប្រហែល ១,៤០០ គីឡូម៉ែត្រ។ បើសិនជាត្រូវបានពង្រីកមកកាន់ កម្ពុជា ឡាវ និង វៀតណាម នោះផ្លូវនេះនឹងមានប្រវែងសរុបប្រមាណ ៣,២០០ គីឡូម៉ែត្រ។
គម្រោងផ្លូវល្បឿនលឿននេះគឺជាផ្នែកមួយនៃគោលនយោបាយសកម្មភាពឆ្ពោះទៅទិសខាងកើតរបស់ ឥណ្ឌា ដែលជាគំនិតផ្ដួចផ្ដើមក្នុងវិស័យការទូត ក្នុងបំណងលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និងវប្បធម៌រវាង ឥណ្ឌា និងបណ្ដាប្រទេសនៅ តំបន់អាស៊ី-ប៉ាស៊ីហ្វ៊ិក។
ការតភ្ជាប់ ឥណ្ឌា ជាមួយ កម្ពុជា ឡាវ និង វៀតណាម ក៏ត្រូវបានចាត់ទុកថាជា ការធ្វើឱ្យមានតុល្យភាពជាមួយនឹង គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ របស់ ប្រទេសចិន ផងដែរ៕