រាជរដ្ឋាភិបាលថៃ កំណត់គោលដៅជំរុញកំណើនសេដ្ឋកិច្ចឱ្យបាន ៥% ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ ២០២៣ ដល់ ២០១៧ និងទាក់ទាញខ្ទង់វិនិយោគសរុប ២.២ ទ្រីលាន (២,២០០,០០០,០០០,០០០) បាត។
រាជរដ្ឋាភិបាលថៃ ថ្មីៗនេះបានឱ្យដឹងថា បច្ចុប្បន្ន ប្រទេសនេះកំពុងដាក់គោលដៅវិនិយោគ ២.២ ទ្រីលានបាត (ប្រហែល ៦១.៩៧ ពាន់លានដុល្លារអាម៉េរិក) ទៅក្នុងតំបន់ឧស្សាហកម្មភាគខាងកើតរបស់ប្រទេស ក្នុងអំឡុង ៥ ឆ្នាំខាងមុខ ខណៈប្រទេសនេះកំពុងជំរុញកំណើនសេដ្ឋកិច្ចរយៈពេលវែង។
អ្នកនាំពាក្យរបស់ រាជរដ្ឋាភិបាលថៃ លោក Thanakorn Wangboonkongchana បង្ហើបឱ្យដឹងថា គម្រោងដែលនឹងត្រូវអនុវត្តពីឆ្នាំ ២០២៣ ដល់ ២០២៧ នៅក្នុងផែនការ «ច្រករបៀងសេដ្ឋកិច្ចបូព៌ា (EEC)» នឹងរួមមានទាំងខ្ទង់វិនិយោគធំៗ ដូចជា រថយន្តអគ្គិសនី និងបច្ចេកវិទ្យាសុខាភិបាលជាដើម។
អ្នកនាំពាក្យខាងលើឱ្យដឹងថា រាជរដ្ឋាភិបាលថៃ គ្រោងនឹងវិនិយោគពី ៤០០ ទៅ ៥០០ ពាន់លានបាត (ពី ១១.២៧ ដល់ ១៤.០៨ ពាន់លានដុល្លារអាម៉េរិក) ជារៀងរាល់ឆ្នាំ ទៅក្នុងផែនការ EEC ដែលប្រការនេះនឹងជួយឱ្យសេដ្ឋកិច្ចមានកំណើន ៥% ក្នុង ១ ឆ្នាំ ចាប់ពីឆ្នាំ ២០២៤។
ផែនការវិនិយោគទៅលើ EEC ចាប់ពីឆ្នាំ ២០១៨ ដល់ ២០២២ របស់ ថៃ បច្ចុប្បន្ន សម្រេចបាន ១.៨ ទ្រីលានបាត ខ្ពស់ជាងផែនការ (១.៧ ទ្រីលានបាត) ដែលបានគ្រោងទុក។
EEC រួមមាន ៣ ខេត្តនៅភាគខាងកើតធៀបនឹង រាជធានីបាងកក រួមមានខេត្តឈុនបុរី ខេត្តរ៉ាយ៉ង និងខេត្តឆាឈឿងសៅ។ ក្នុងផែនការ EEC នឹងមានវិស័យឧស្សាហកម្មចំនួន ១២ រួមមាន អភិវឌ្ឍរថយន្ត, អគ្គិសនីឆ្លាតវៃ, ទេសចរណ៍សុខាភិបាល និងសុខភាព, កសិកម្ម និងបច្ចេកវិទ្យាជីវសាស្ត្រ, អាហារ, រ៉ូបូតសម្រាប់វិស័យឧស្សាហកម្ម, ដឹកជញ្ជូន និងអាកាសចរណ៍, ឥន្ធនៈជីវសាស្ត្រ និងជីវគីមី, ឌីជីថល, សេវាសុខាភិបាល, អភិវឌ្ឍការពារជាតិ និង វិស័យអប់រំ៕