ថ្មីៗនេះ ក្រុមអ្នកអភិវឌ្ឍរបស់ រុស្ស៊ី បានបង្ហាញគំរូសុនកយន្តមួយដែលត្រូវបានបំពាក់មីស៊ីលប្រឆាំងរថក្រោះ RPG-26។
យោងតាមសារព័ត៌មាន News Week នៅក្នុងព្រឹត្តិការវេទិកាបច្ចេកទេស-យោធាអន្តរជាតិ Army-2022 ក្នុងថ្ងៃទី ១៥ សីហា ក្រុមអ្នកអភិវឌ្ឍបច្ចេកវិទ្យារបស់ រុស្ស៊ី បានបង្ហាញរ៉ូបូតថ្មីមួយដែលមានរូបរាងដូចសត្វសុនក បំពាក់កាណុងបាញ់រ៉ុក្កែតនៅលើខ្នង។
សុនកយន្តនេះមានសមត្ថភាពផ្លាស់ទីយ៉ាងលឿន និងប្រកបដោយភាពបត់បែនខ្ពស់ ជាមួយនឹងជើងទាំង ៤ របស់វា។ ជើងទាំងអស់របស់រ៉ូបូតនេះ គឺដូចទៅនឹងសុនកពិតៗ ដោយសារតែអាចថយក្រោយ បង្វិលខ្លួន ងើបឈរ និងអង្គុយ ឬក្រាបបានយ៉ាងល្អ។
ក្រៅពីប្រការខាងលើ នៅលើខ្នងរបស់សុនករ៉ូបូតនេះថែមទាំងអាចត្រូវបានបំពាក់កាណុង RPG-26 សម្រាប់បាញ់គ្រាប់រ៉ុក្កែតប្រឆាំងរថក្រោះទៀតផង។
វិស្វករម្នាក់មកពីក្រុមអ្នកអភិវឌ្ឍសុនករ៉ូបូតនេះ បាននិយាយថា សុនកយន្តនេះអាចត្រូវបានប្រើប្រាស់ទាំងនៅក្នុងវិស័យយោធា ទាំងក្នុងវិស័យស៊ីវិល។
នៅលើពិភពលោកនេះ ការដែលសុនករ៉ូបូតត្រូវបានកងទ័ពប្រើប្រាស់ មិនមែនជារឿងកម្រនោះទេ។ មុននោះ សហរដ្ឋអាម៉េរិក ក៏បានដាក់ឱ្យប្រើប្រាស់សុនកយន្តសម្រាប់ការពារសន្តិសុខ និងឈ្លបយកការណ៍នៅតាមបន្ទាយរបស់ខ្លួនផងដែរ៕