ក្រសួងចរាចរណ៍ថៃ បានឱ្យដឹងថា ក្នុងរង្វង់ ៣ ឆ្នាំខាងមុខ នាយកដ្ឋានដឹកជញ្ជូនសាធារណៈនៃ រាជធានីបាងកក (BMTA) នឹងទិញរថយន្តក្រុងអគ្គិសនីចំនួន ៣,២០០ គ្រឿង ដើម្បីជំនួសរថយន្តក្រុងម៉ាស៊ីនសាំងទាំងអស់ដែលធ្វើចរាចរណ៍នៅលើដងផ្លូវក្នុងរាជធានីរបស់ប្រទេសនេះ។
គម្រោងនេះគឺជាផ្នែកមួយក្នុងផែនការស្ដារស្ថានការណ៍ពាណិជ្ជកម្មដែលគ្រោងនឹងត្រូវបាន BMTA ដាក់សំណើឡើងទៅកាន់រាជរដ្ឋាភិបាលដើម្បីសុំការអនុម័តក្នុងអំឡុង ២ ខែទៀត នេះបើតាម អនុរដ្ឋលេខាធិការអចិន្ត្រៃយ៍នៃ ក្រសួងដឹកជញ្ជូនថៃ Sorapong Paitoonphong។
តាំងពីឆ្នាំ ២០២០ BMTA បានមានគម្រោងទិញរថយន្តក្រុងថ្មីចំនួន ២,៨០០ គ្រឿង ដើម្បីជំនួសរថយន្តចាស់ដែលកំពុងដំណើរការក្នុងទីក្រុង ប៉ុន្តែ BMTA បានកែសម្រួលផែនការ បន្ទាប់ពី ការិយាល័យគោលនយោបាយសហគ្រាសរដ្ឋថៃ បានណែនាំឱ្យបន្ថែមបច្ចេកវិទ្យារថយន្តអគ្គិសនី។
យោងតាមផែនការថ្មី BMTA នឹងប្រើប្រាស់រថយន្តក្រុងដែលដំណើរការដោយថាមពលអគ្គិសនីដើម្បីជំនួសក្រុមរថយន្តម៉ាស៊ីនសាំង។ ក៏ប៉ុន្តែ នាយកដ្ឋាននេះមិនទាន់សម្រេចចិត្តថា នឹងត្រូវទិញ ឬជួលរថយន្តក្រុងអគ្គិសនីទាំងនេះនៅឡើយ។
ក្នុងពេលកំពុងរង់ចាំការអនុម័តពីថ្នាក់លើ MBTA គ្រោងនឹងជួលក្រុមហ៊ុនមួយចំនួនដើម្បីដំណើរការរថយន្តក្រុង ២២៤ គ្រឿង នៅតាមដងផ្លូវមួយចំនួនជាមួយនឹងថវិកាប្រហែល ៩៥៣ លានបាត ដែលប្រហែលនឹង ២៦,៨៩៨,០០០ ដុល្លារអាម៉េរិក។
ចំណែកបណ្ដាក្រុមហ៊ុនដែលទទួលបានការផ្ដល់សិទ្ធិឱ្យដំណើរការរថយន្តក្រុងនៅលើដងផ្លូវ ៥៤ ខ្សែនៅ បាងកក និងបណ្ដាខេត្តក្បែររាជធានី នឹងចាប់ផ្ដើមជំនួសរថយន្តក្រុងចាស់ ដោយរថយន្តក្រុងដែលប្រើប្រាស់អគ្គិសនីនៅក្នុងខែនេះ៕