ក្រុមហ៊ុន CATL បានសម្រេចចិត្តបោះទុនវិនិយោគ ៧.៦ ពាន់លានដុល្លារអាម៉េរិក ទៅក្នុងគម្រោងសាងសង់រោងចក្រផលិតថ្មផ្ទុកអគ្គិសនីមួយសម្រាប់ផ្គត់ផ្គង់ដល់បណ្ដារោងចក្រផលិតរថយន្តនៅ ប្រទេសហុងគ្រី។
កាលពីចុងសប្ដាហ៍កន្លង ក្រុមហ៊ុនបច្ចេកវិទ្យាផ្ទុកថាមពល Contemporary Amperex Technology Co. Limited (CATL) របស់ ចិន បានក្លាយជាអ្នកវិនិយោគធំជាងគេបង្អស់ក្នុងប្រវត្តិសាស្ត្ររបស់ ប្រទេសហុងគ្រី នៅពេលភាគីទាំងពីរសម្រេចបានកិច្ចព្រមព្រៀងសហការដែលមានតម្លៃ ៧.៦ ពាន់លានដុល្លារ ក្រោយពីការចរចាជាង ២ ឆ្នាំ។
នៅលើទំព័របណ្ដាញសង្គមរបស់ខ្លួន រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី Peter Szijjarto បានឱ្យដឹងថា ក្រុមហ៊ុន CATL បានសម្រេចចិត្តវិនិយោគ ៧.៦ ពាន់លានដុល្លារអាម៉េរិក ទៅក្នុងគម្រោងសាងសង់រោងចក្រផលិតថ្មផ្ទុកថាមពលមួយ សម្រាប់ផ្គត់ផ្គង់ដល់បណ្ដារោងចក្រផលិតរថយន្តនៅ ហុងគ្រី។ នេះក៏ជាខ្ទង់វិនិយោគទៅលើវិស័យថាមពលបៃតងធំបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ ប្រទេសហុងនេះ។
នៅក្នុងប្រកាសមួយ CATL ក៏បានឱ្យដឹងថា ក្រុមហ៊ុននេះនឹងសាងសង់រោងចក្រផលិតថ្មផ្ទុកអគ្គិសនី ១០០ GWh នៅ Debrencen ភាគខាងកើតនៃ ប្រទេសហុងគ្រី។ Debrencen គឺជាទីរួមស្រុកធំទីពីរនៅ ហុងគ្រី និងស្ថិតនៅចំកណ្ដាល ទ្វីបអឺរ៉ុប។
រោងចក្រថ្មីនេះនឹងផ្គត់ផ្គង់គ្រឿងបន្លាស់ជាដើម ទៅឱ្យបណ្ដាក្រុមហ៊ុនផលិតរថយន្តនៅ អឺរ៉ុប ដូចជា Mercedes-Benz, BMW, Stellantis និង Volkswagen។ល។ រោងចក្រនេះមានផ្ទៃក្រឡាប្រហែល ២២១ ហិកតា និងជារោងចក្រទីពីររបស់ CATL នៅ អឺរ៉ុប បន្ទាប់ពីរោងចក្រមួយនៅ ប្រទេសអាល្លឺម៉ង់។ ការសាងសង់រោងចក្ររបស់ CATL នៅ Debrecen គ្រោងនឹងចាប់ផ្ដើមក្នុងឆ្នាំនេះ។
គម្រោងថ្មីនេះកំពុងតែជួយឱ្យ ហុងគ្រី ក្លាយជាមជ្ឈមណ្ឌលធំមួយទាក់ទងនឹងទីផ្សាររថយន្តអគ្គិសនីនៅ អឺរ៉ុប។ Debrecen គឺជាតំបន់ដែលមានរោងចក្រជាច្រើនកំពុងត្រូវបាន BMW សាងសង់ ខណៈដែលក្រុមហ៊ុន Audi មានរោងចក្រនៅ Gyor ភាគខាងលិចរបស់ ហុងគ្រី និងក្រុមហ៊ុន Mercedes-Benz មានរោងចក្រនៅ Kecskemet ភាគកណ្ដាលនៃប្រទេស៕