Skip to content

កម្ពុជា ​នឹង​មាន​សមត្ថភាព​ប្រើ​ថាមពល​នុយក្លេអ៊ែរ​ក្នុង​ពេល​ឆាប់ៗ​នេះ

ភ្នំពេញ- ដោយ​មើលឃើញ​ពី​តម្រូវ​ការចាំបាច់​ក្នុងការ​បម្រើ​ដល់​វិស័យ​ជាច្រើន កម្ពុជា​បាន​បង្កើត​គម្រោង​ប្រើប្រាស់​ថាមពល​ដើរ​ដោយ​នុយក្លេអ៊ែរ ​ដែលមាន​ការជួយ​ជ្រោមជ្រែង​ពី​ប្រទេស​ចិន និង​រុស្ស៊ី។

ឯកឧត្ដម ទិន ពន្លក អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​ដោយ​ចីរភាព​នៃ​ក្រសួងបរិស្ថាន បាន​លើកឡើងថា គម្រោង​នុយក្លេអ៊ែរ​សន្ដិភាព​ដើម្បី​កម្ពុជា​ដែល​បាន​បង្កើតឡើង​នេះ ក្រៅពី​បម្រើ​ផលប្រយោជន៍​ដែល​អាច​ទាញយក​ថាមពល​មក​ប្រើ​ក្នុង​វិស័យ​អគ្គិសនី​ហើយ​នោះ គម្រោង​នេះ​ក៏​អាចជួយ​ដល់​វិស័យ​ជាច្រើន​ផ្សេងទៀត​ក្នុងការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ផងដែរ។

អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​ដោយ​ចីរភាព បញ្ជាក់ថា៖ «ជំហាន​ដំបូង​ដែល​យើង​ត្រូវធ្វើ គឺ​លើកកម្ពស់​ការយល់ដឹង អប់រំ បណ្ដុះបណ្ដាល និង​កសាង​ធនធានមនុស្ស ពិសេស​ជំរុញ​ការប្រើប្រាស់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​នៅក្នុង​វិស័យ​ផ្សេងទៀត​ក្រៅពី​ការផលិត​អគ្គិសនី យើង​មើលឃើញថា វា​ក៏មាន​សក្ដានុពល​នៅក្នុង​វិស័យ​កសិកម្ម ការចិញ្ចឹម​សត្វ សំណង់ វេជ្ជសាស្ដ្រ ជាដើម ដែល​យើង​អាច​ប្រើប្រាស់​បាន​យ៉ាង​ទូលំទូលាយ» ឯកឧត្ដម​បន្ដថា ទោះជា​យ៉ាងណា​កម្ពុជា​ពុំទាន់​មាន​ធនធានមនុស្ស​គ្រប់គ្រាន់​នៅឡើយ​ទេ​នៅលើ​ផ្នែក​ហ្នឹង។ ដូច្នេះហើយ​កម្ពុជា​កំពុង​តែមាន​ផែនការ​បង្កើត​អង្គភាព​ចម្រុះ​ដើម្បី​ធ្វើ​ការងារ​ទៅតាម​ស្ថានភាព​ជាក់ស្ដែង និង​បង្កើត​មជ្ឈមណ្ឌល​ព័ត៌មាន​នុយក្លេអ៊ែរ​មាន​ទីតាំង​នៅក្នុង​វិទ្យា​សា្ថ​ន​បច្ចេកវិទ្យា​កម្ពុជា ដើម្បី​ជំរុញឱ្យមាន​ការអភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា​តាមរយៈ​ការជំរុញឱ្យ​និស្សិត​សិក្សា​បន្ថែម​លើ​ផ្នែក​វិទ្យាសាស្ដ្រ។

គួរ​បញ្ជាក់ថា ខាង​ភាគី​ប្រទេស​រុស្សី​បាន​សន្យា​ជួយ​ដល់​កម្ពុជា​លើ​ផ្នែក​សម្ភារ និង​ការបណ្ដុះបណ្ដាល។ ក្នុងនោះ​យើង​ក៏បាន​ស្នើ​ដល់​ប្រទេស​ចិន​ឱ្យជួយ​ដល់​ផ្នែក​វេជ្ជសាស្ដ្រ​ក្នុង​ថាមពលនុយក្លេអ៊ែរ​ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *