ស្របពេលដែលក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ ជប៉ុន កូរ៉េខាងត្បូង និងអារ៉ាប៊ី សាអ៊ូឌីត នឹងធ្វើជាតំណាងឲ្យទ្វីបអាស៊ី នៅរុស្ស៊ីនាឆ្នាំក្រោយនេះ ក្រុមជម្រើសជាតិស៊ីរី និងអូស្ត្រាលី នឹងត្រូវប្រជែងគ្នាដើម្បីបានទៅចូលរួមជាមួយក្រុមទាំង4 តាមរយៈវគ្គ Playoff។
ក្រុមជម្រើសជាតិស៊ីរី បានបន្តក្តីសង្ឃឹមរបស់ខ្លួនក្នុងយុទ្ធនាការ World Cup តាមរយៈការរកគ្រាប់បាល់តាមស្មើនៅពេលជិតបញ្ចប់ការប្រកួតលើកចុងក្រោយនៃពូលរបស់ពួកគេ ដើម្បីឈានទៅជួបជាមួយនឹងអូស្ត្រាលី ក្នុងការប្រកួតវគ្គ Playoff ចំនួន2ជើងនាថ្ងៃទី5 និងទី10 ខែតុលា ឆ្នាំ2017នេះ។
ក្រុមជម្រើសជាតិនៃប្រទេសដែលដាច់ដោចដោយសង្គ្រាមមួយនេះ នឹងឈានទៅកាន់ការប្រកួតនៅថ្ងៃស្អែកនេះ ទាំងការជឿជាក់ ក្រោយពីពួកគេមិនស្គាល់ចាញ់សោះពីការប្រកួត 5លើកចុងក្រោយរបស់ពួកគេ ដោយការឈ្នះ2លើក និងស្មើ3លើក ក្នុងនោះរាប់បញ្ចូលទាំងការរកបានគ្រាប់បាល់តាមស្មើនៅពេលជិតបញ្ចប់ការប្រកួតពេលជួបជាមួយនឹងក្រុមខ្លាំងអ៊ីរ៉ង់ ក្នុងការប្រកួតជុំចុងក្រោយនៃពូលរបស់ពួកគេ កាលពីខែមុនផងដែរ។
អូស្ត្រាលី ក៏នឹងសម្លឹងរកការបង្ហាញខ្លួនក្នុងជុំចុងក្រោយជាលើកទី4ជាប់ៗគ្នារបស់ពួកគេផងដែរ ខណៈដែលស៊ីរី ដែលមិនធ្លាប់បានឈានទៅ World Cup ពីមុនមកសោះ បានរក្សាក្តីសង្ឃឹមរបស់ខ្លួន បើទោះបីសង្គ្រាមស៊ីវិល បានបង្ខំឲ្យពួកគេលេងរាល់ការប្រកួតក្នុងផ្ទះរបស់ពួកគេនៅក្រៅប្រទេសក៏ដោយ។
ក្រុមជម្រើសជាតិស៊ីរី ត្រូវប៉ះជាមួយនឹងក្រុមអូស្ត្រាលី នៅប្រទេសម៉ាឡេស៊ី ក្នុងការប្រកួតជើងទី1 នៅមុនពេលធ្វើដំណើរទៅកាន់ទីក្រុងស៊ីដនី ក្នុងការប្រកួតជើងទី2។ ក្រុមដែលឈ្នះពីការប្រកួតនេះ នឹងត្រូវជួបជាមួយនឹងក្រុមឈរលេខ4មកពីតំបន់របស់សហព័ន្ធកីឡាបាល់ទាត់អាមេរិកខាងជើង កណ្តាល និងតំបន់ការ៉ាអ៊ីប ដើម្បីប្រជែងយកកៅអីមួយទៅកាន់រុស្ស៊ី។ ការប្រកួតនៅថ្ងៃស្អែកនេះ នឹងចាប់ផ្តើមនៅម៉ោង7:30យប់៕